(ភ្នំពេញ)៖ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ បានច្រានចោលព័ត៌មានបំភ្លៃថា មានករណីឆ្លង Covid-19 ចំនួន១៨នាក់ នៅស្រុកកំពង់ត្រឡាច។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
ការច្រានចោលព័ត៌មាននេះ បានធ្វើឡើងភ្លាមៗបន្ទាប់ពីនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ វេលាម៉ោង៧៖០០ព្រឹក នៅលើបណ្តាញព័ត៌មានសង្គម បានផ្សព្វផ្សាយបញ្ជីឈ្មោះ ប្រជាពលរដ្ឋចំនួន១៨នាក់ រស់នៅភូមិកំពង់ត្រឡាច ឃុំកំពង់ត្រឡាច់ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងថា មានផ្ទុកវីរុស Covid-19 ដែលប៉ុស្តិ៍រដ្ឋបាលកំពង់ត្រឡាច ធ្វើបញ្ជីរាយការណ៍ជូនថ្នាក់ដឹកនាំ។
«ព័ត៌មាននេះ ពុំមែនជាព័ត៌មានពិតនោះទេ គឺជាព័ត៌មានក្លែងក្លាយ ដែលបានធ្វើឲ្យប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល ភ័យខ្លាច និងធ្វើឲ្យមានភាពចលាចលក្នុងមូលដ្ឋាន»។ អ្នកនាំពាក្យគូសបញ្ជាក់ដូច្នេះ។
បើតាមអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ចំពោះបញ្ជីឈ្មោះប្រជាពលរដ្ឋចំនួន ១៨នាក់នោះ គឺជាសាច់ញាតិជិតដិត និងរស់នៅជាមួយបុរសម្នាក់ ដែលមានផ្ទុក Covid-19 ដែលមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានធ្វើតេស្តរកឃើញ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ហើយមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង កំពុងដំណើរការយកសំណាងអ្នកទាំង១៨នាក់នោះ ទៅធ្វើការពិនិត្យ ហើយចំពោះលទ្ធផលមិនទាន់ដឹងជាផ្លូវការនៅឡើយ៕