(ភ្នំពេញ)៖ ឧបករណ៍ពិនិត្យរកមេរោគ COVID-19 មកពីប្រទេសចិន ចំនួន ៣,០០០ឈុត បានដឹកមកដល់ប្រទេសកម្ពុជា ហើយត្រូវបានប្រគល់ជូនក្រសួងសុខាភិបាលហើយនៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួងសុខាភិបាល។
ឧបករណ៍ពិនិត្យរកមេរោគត្រូវបានប្រគល់ជូនក្រសួងសុខាភិបាល តាមរយៈក្រុមហ៊ុន Wuxi Techstar Technology Co.Ltd. និងសមាគមប្រឹក្សាសុខភាពប្រជាជន។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានថ្លែងក្នុងពេលទទួលឧបករណ៍ទាំងនោះថា ឧបករណ៍នេះ បានដើរតួនាទីដ៏សំខាន់សម្រាប់បម្រើឱ្យការទប់ស្កាត់ និងការឆ្លើយតបការរាតត្បាតនៃមេរោគកូរ៉ូណាថ្មី (COVID-19)។
ជំនួយមនុស្សធម៌របស់ក្រុមហ៊ុន Wuxi Techstar Technology Co.Ltd. និងសមាគមប្រឹក្សាសុខភាពប្រជាជន ដែលបានផ្តល់ជូនលោក សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ ដើម្បីឱ្យមកក្រសួងសុខាភិបាល ប្រើប្រាស់ឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ននៃវីរុសកូវីដ១៩នេះ។
ឧបករណ៍ទាំងនេះ ចូលរួមចំណែកពង្រឹងសមត្ថភាពឆ្លើយតបបន្ទាន់ មិនត្រឹមតែចំពោះបញ្ហា COVID-19 បច្ចុប្បន្ននេះប៉ុណ្ណោះទេ តែវានឹងត្រូវបានប្រើប្រាស់នៅពេលណាដែលមានការផ្ទុះការរាតត្បាតនៃជំងឺឆ្លងផ្សេងៗនាពេលអនាគត ព្រមទាំងចូលរួមចំណែកលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនកម្ពុជា៕