(ពោធិ៍សាត់)៖ ថ្លែងនៅចំពោះមុខសមាជិក សមាជិកាគណៈបញ្ជាការឯកភាពខេត្ត, លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានអំពាវនាវដល់អភិបាលស្រុកជាប់ផ្ទៃទឹកបឹងទន្លេសាប ត្រូវចាត់វិធានការជាដាច់ខាត ទៅលើកាណូត ឬទូកគ្រប់ប្រភេទ ដែលប្រើប្រាស់ម៉ាស៉ីនសេសធំ ជាពិសេសឧបករណ៍ដែលប្រព្រឹត្តបទល្មើសនានា ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ការអំពាវនាវរបស់លោក ម៉ៅ ធនិន បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែមីនា កាលពីរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ម្សិលមិញ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់។
លោកអភិបាលខេត្ត បានអំពាវនាវយ៉ាងដូច្នេះថា៖ «ដោយសង្កេតឃើញបទល្មើសនៅតែបន្តកើតមាន ក្នុងឡូតិ៍អភិរក្សពូជត្រី ដែលបង្កឡើងដោយកាណូត ឬទូក ដែលមានកម្លាំងសេសធំ បានលបលួចប្រព្រឹត្តបទល្មើស ធ្វើឱ្យលំបាកដល់ការដេញបង្ក្រាបនោះ។ ដូច្នេះដើម្បីទប់ស្កាត់នូវរាល់បទល្មើសដែលកើតមាន ក្នុងដែនសមត្ថកិច្ចនៃស្រុកនីមួយៗ រដ្ឋបាលខេត្ត ស្នើដល់លោកអភិបាលស្រុក នៅជាប់នឹងផ្ទៃទឹកបឹងទន្លេសាប សូមចាត់វិធានការអនុវត្តឱ្យបានម៉ឺងមាត់ និងជាដាច់ខាត ដោយធ្វើឱ្យច្បាស់ ធ្វើឱ្យល្អ ធ្វើឱ្យត្រឹមត្រូវ ធ្វើឱ្យកើត និងធ្វើឱ្យបាន ចំពោះកាណូត ឬទូក ដែលមានកម្លាំងសេសធំ ជាមុខសញ្ញានៃការប្រព្រឹត្តបទល្មើសនេសាទ ចាប់ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០តទៅ»។
ជាមួយគ្នានេះដែរ លោក ម៉ៅ ធនិន បានបន្តថា ប្រសិនបើអស់លោកអាជ្ញាធរស្រុក ក៏ដូចជាមន្ត្រីជំនាញ មិនមុខការបំពេញបង្គ្រប់ ទៅលើចំណុចដែលឆកល្វែងទេនោះ មានតែអស់លោកជាអ្នកដើរចេញ ទុកឱ្យអ្នកផ្សេងធ្វើជំនួសទើបល្អ៕