(កណ្ដាល)៖ នគរបាលស្រុកខ្សាច់កណ្ដាល បានឃាត់ខ្លួនយុវជនម្នាក់ រកឃើញថ្នាំញៀនចំនួន១៩កញ្ចប់។ ប្រតិបត្តិការនេះ បានធ្វើឡើង នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ចំណុចភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ជនសង្ស័យឈ្មោះ អុល អៀងឆេង ហៅ អៀង ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរលក់ថ្នាំញៀន ជនជាតិខ្មែរ មានទីលំនៅភូមិ ថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ករណីនេះ នគរបាលចាប់បានវត្ថុតាងរួមមាន៖
*១៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ១៩កញ្ចប់មធ្យម (ទម្ងន់សរុប ២៥.១៣g)
*២៖ ម៉ូតូម៉ាកហុងដា wave ពណ៌ខ្មៅ គ្មានស្លាកលេខ ចំនួន ០១គ្រឿង
*៣៖ ទូរស័ព្ទម៉ាក Oppo ពណ៌ ខ្មៅចំនួន ០១គ្រឿង
*៤៖ ថង់សម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន។
នគរបាលបានរៀបរាប់សាច់រឿងថា នៅពេលកើតហេតុមានកម្លាំងផ្តល់ព័ត៌មានជូនសមត្ថកិច្ចនគរបាលថា ឃើញឈ្មោះ អុល អៀងឆេង ហៅអៀង កំពុងតែជួញដូរថ្នាំញៀននៅចំណុចម្តុំផ្ទះរបស់ឈ្មោះ ណែម ភេទប្រុស ក្នុងភូមិថ្មី។ ភ្លាមនោះកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ស៉ីធរ និងកម្លាំងនគរបាលប៉ុស្តិ៍សន្លុងចុះទៅបង្រ្កាប។ ក្រោយពីធ្វើការសាកសួរឈ្មោះ អុល អៀងឆេងហៅអៀង បានឆ្លើយសារភាពថាចំពោះថ្នាំញៀននេះខ្លួន បានទិញពីឈ្មោះ ភា មិនស្គាល់អត្តសញ្ញាណ ដោយទិញក្នុងតម្លៃ ៨០ម៉ឺនរៀល យកមករំលែកដាក់កញ្ចប់ដើម្បីទុកលក់ចំណេញបន្ត។
សមត្ថកិច្ចនគរបាលបានបញ្ចូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដើម្បីបន្តនីតិវិធី៕