(កំពង់ចាម)៖ ឃុំព្រែកក្របៅ បានទទួលចំណាត់ថ្នាក់លេខ១ ជាឃុំផ្តល់សេវាល្អជាងសម្រាប់ឆ្នាំ២០១៩ នៅក្នុងខេត្តកំពង់ចាម។
ជ័យលាភីឃុំផ្តល់សេវាល្អជូនប្រជាពលរដ្ឋសម្រាប់ឆ្នាំ២០១៩នេះ ត្រូវបានប្រគល់ជូនដោយលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារខេត្ត។
ក្នុងខេត្តកំពង់ចាមមានចំនួនឃុំ សង្កាត់ចំនួន១០៩។ ដើម្បីលើកកម្ពស់ការផ្តល់សេវានៅតាមឃុំ សង្កាត់ ឱ្យបានល្អប្រសើរខេត្តបង្កើតឱ្យមានចលនាប្រលងប្រណាំងការផ្តល់សេវាល្អ។
ឃុំព្រែកក្របៅ ស្ថិតនៅក្នុងស្រុកកងមាស ដែលមានលោក អ៉ី កុកគង់ ជាមេឃុំ ត្រូវបានគណៈកម្មការវាយតម្លៃថា ជាឃុំមួយបានធ្វើសកម្មផ្តល់សេវាបានល្អប្រសើរជូនដល់ប្រជាពលរដ្ឋ។
ក្នុងពិធីនោះប្រគល់ជ័យលាភីនោះ លោកអភិបាលខេត្ត បានសំដែងការកោតសរសេីរ និងអបអរសាទរយ៉ាងក្លៀវក្លា ចំពោះរដ្ឋបាលឃុំ ព្រែកក្របៅ ស្រុកកងមាស ដែលបានបម្រើសេវាល្អជាងគេប្រចាំឆ្នាំ២០១៩កន្លងទៅនេះ។
លោកអភិបាលខេត្ត បានថ្លែងអំណរគុណចំពោះមេឃុំ ចៅសង្កាត់ ស្មៀន នាយប៉ុស្ដិ៍នគរបាល រដ្ឋបាលឃុំ សង្កាត់ទាំងអស់ដែលបានបម្រើសេវាល្អជូនប្រជាពលរដ្ឋក្នុងឃុំសង្កាត់របស់ខ្លួន។ លោកអភិបាលខេត្ត បានជំរុញឱ្យមេឃុំ ចៅសង្កាត់ទាំងអស់ត្រូវយកចិត្តបន្ថែមទៀតក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ៕