(បាត់ដំបង)៖ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ ក្រុមការងារគណៈកម្មការចម្រុះ រវាងរដ្ឋបាលខេត្តបាត់ដំបង និងលេខាធិការដ្ឋានអាកាសចរស៉ីវិល បានបើកកិច្ចប្រជុំរួមគ្នា បង្ហាញពីគោលបំណងថា អាកាសយាន្តដ្ឋានខេត្តបាត់ដំបង គ្រោងបើកដំណើរការឡើងវិញ នៅពេលខាងមុខនេះ។

ក្រុមការងារគណៈកម្មការចម្រុះ រវាងរដ្ឋបាលខេត្តបាត់ដំបងដឹកនាំដោយលោក ងួន រតនៈ អភិបាលខេត្ត និងលោក តិក សាលី រដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល និងជាប្រធានអាកាសយាន្តដ្ឋាន ខេត្តបាត់ដំបង ដើម្បីធ្វើការងារចុះស្រង់ស្ថិតិ ធ្វើរដ្ឋបាលនៅអាកាសយានដ្ឋានបាត់ដំបង។

លោក តិក សាលី បានរៀបរាប់អំពីគោលបំណង នៃការចុះធ្វើរដ្ឋបាលនៅបរិវេណដីជុំវិញអាកាសយាន្តដ្ឋានវាលបែកចានបាត់ដំបង ដើម្បីធ្វើការជួសជុលឡើងវិញ សម្រាប់បម្រើការងារយន្តហោះ ចុះឡើងនៅខេត្តបាត់ដំបង។

លោក ងួន រតនៈ បានស្វាគមន៍ និងសហការជាមួយគណ:កម្មការរួមគ្នាចុះធ្វើរដ្ឋបាលលើដីបរិវេណវាលយន្តហោះក្នុងខេត្តបាត់ដំបង ហើយបានទិន្នន័យច្បាស់លាស់មករាយការវិញ ជូនគណ:កម្មការក្នុងកិច្ចប្រជុំជាបន្តបន្ទាប់ទៀត រហូតដល់ចប់ប្រកបដោយជោគជ័យ។

បន្ទាប់កិច្ចប្រជុំបច្ចេកទេសហើយ ក្រុមការងារគណៈកម្មការបានសម្រេចដាក់កម្មវិធីចុះទៅធ្វើរដ្ឋបាលទៅតាមជំហានៗ និងធ្វើការដោះស្រាយតាមកម្រិតជាក់ស្តែងផងដែរ៕