(វ៉ាស៊ីនតោន)៖ ក្រុមភេរវករអាល់កៃដាដ៏ល្បីល្បាញ កំពុងតែត្រឡប់មកមានសកម្មភាពសារជាថ្មី ដែលអាចបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរសម្រាប់ឆ្នាំ២០១៦នេះ ដែលមិនអាចមើលរំលងបាន នេះបើយោងតាមការលើកឡើងរបស់អ្នកជំនាញសហរដ្ឋអាម៉េរិក ដកស្រង់ដោយសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៥នេះ។
ជាច្រើនឆ្នាំកន្លងមក ភ្នាក់ងារស៊ើបការសហរដ្ឋអាម៉េរិក បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រងតាមដានទៅលើក្រុមភេរវករ ព្រមទាំងកាត់ផ្តាច់ប្រភពហិរញ្ញវត្ថុដែលបានធ្វើឲ្យពួកគេចុះខ្សោយ។
ប៉ុន្តែក្នុងពេលនេះ ក្រុមអាល់កៃដា បានចាប់ផ្តើមលេចឡើងសារជាថ្មី។ ជាក់ស្តែងសារព័ត៌មាន New York Times បានរាយការណ៍ថា ជំរុំហ្វឹកហាត់របស់ពួកគេកំពុងតែរីកដុះដាលជាខ្លាំងក្នុងប្រទេស អាហ្គានីស្ថាន ជាទីតាំងដ៏មានសុវត្ថិភាព និងជាកន្លែងដែលពួកគេធ្លាប់រៀបចំគម្រោងវាយប្រហារកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១កន្លងទៅនេះ។ ប្រភពដដែលបានបញ្ជាក់ថា ការផ្តើមសកម្មភាពជាថ្មីនេះ បានកើតឡើងក្នុងអំឡុងពីរឆ្នាំចុងក្រោយនេះ៕