(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារ ជាមួយលោក Masahiro MIKAMI ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំកម្ពុជា អមដោយមន្រ្តីការទូតជប៉ុន និងតំណាងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍន៍អន្តរជាតិជប៉ុន (JICA) នៅកម្ពុជា ចូលរួមផងដែរ។

នៅក្នុងជំនួបពិភាក្សាការងារនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ជាថ្មីម្តងទៀត ចំពោះវត្តមាន របស់លោក Masahiro MIKAMI និងក្រុមការងារ ដែលតែងតែផ្តល់កិច្ចសហការ ស្ទើរគ្រប់វិស័យ ក្នុងការចូលរួមចំណែក ដល់សកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម នៅកម្ពុជា។

ពាក់ព័ន្ធនឹងស្ថានភាព ដែលពិភពលោកកំពុងតែជួបវិបត្តិ និងបញ្ហាប្រឈមទៅនឹងវីរុស Covid-19 បណ្តាប្រទេសជុំវិញពិភពលោក កំពុងចាត់វិធានការរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំង, ការពារ និងទប់ស្កាត់ទៅនឹងការរីករាលដាលនៃវីរុស Covid-19 ដែលកំពុងរាតត្បាត បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អាយុជីវិត មនុស្សលោកសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងជីវិភាពរស់នៅនាពេលបច្ចុប្បន្ន។

ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានបន្ថែមថា យ៉ាងណាមិញ, ប្រទេសកម្ពុជា ក៏ដូចជាប្រទេសជប៉ុន កំពុងតែរងគ្រោះដូចគ្នា ដោយសារវីរុស Covid-19 អាស្រ័យហេតុនេះ រដ្ឋាភិបាលជប៉ុន បានត្រៀមលក្ខណៈ និងផ្តល់កិច្ចសហការគំាទ្រផងដែរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំង, ការពារ និងទប់ស្កាត់ ទៅនឹងការរីករាលដាល់នៃវីរុស Covid-19 នេះ។

ឆ្លៀតក្នុងឱកាសនេះ លោក Masahiro MIKAMI ក៏បានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់វិធានការទាន់ ពេលវេលា និងភ្លាមៗកន្លងមក លើករណីជនជាតិជប៉ុន ដែលធ្វើទេសចរតាមនាវា Westerdam ដែលត្រូវ ជាប់គាំងហើយត្រូវបានរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ និងអនុញ្ញាតឲ្យនាវានោះ ចូលចតដោយ សុវត្ថិភាពនៅកម្ពុជា។

លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី សូមអរគុណចំពោះរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន ដែលជានិច្ចជាការតែងតែជួយឧបត្ថម្ភគាំទ្រ ទាំងកំលាំងកាយ កំលាំងចិត្ត និងធនធាន ដល់រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា។

ស្ថិតក្នុងបរិកាណ៍ពិភពលោក កំពុងមានគ្រោះអាសន្ននេះ, លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការកិច្ចខិតខំ ប្រឹងប្រែង របស់រដ្ឋាភិបាលជប៉ុន ដែលនៅតែផ្តល់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នៅកម្ពុជា តាំងដើមរៀងមក ដែលសកម្មភាពទាំងនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ប្រទេសជប៉ុន នៅតែជាដៃគូយុទ្ធសាស្រ្តអភិវឌ្ឍន៍ដ៏សំខាន់ សម្រាប់ប្រទេសកម្ពុជា ។

លោក Masahiro MIKAMI បានបញ្ជាក់ជូនថា ក្នុងអាណិត្តបំពេញភារកិច្ចការទូតនេះ លោកនឹងបន្តខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យអាទិភាព របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបន្តការគាំទ្រ នូវការផ្តល់ហិរញ្ញប្បទាន សម្រាប់កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ផ្លូវការ (ODA) ទាំងក្នុងក្របខ័ណ្ឌហិរញ្ញប្បទាន ឥតសំណង, ឥណទានសម្បទាន និងជំនួយបច្ចេកទេស

ជាពិសេស ជំរុញការអភិវឌ្ឍវិស័យឯកជននានា ឲ្យកាន់តែរីកចំរើនបន្ថែមទៀត និងសូមថ្លែងអំណរគុណ ចំពោះលោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏ដូចជា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នពាក់ព័ន្ធ ដែលតែងតែបានផ្តល់នូវ កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងប្រទេសកម្ពុជា-ជប៉ុន នាពេលកន្លងមក។

ភាគីទាំងពីរបានពិភាក្សា និងប្តេជ្ញាថា នឹងបន្តជំរុញសកម្មភាពពាណិជ្ជកម្ម និងការលើកកម្ពស់ ការវិនិយោគពីវិស័យឯកជន ដើម្បីទាក់ទាញអ្នកវិនិយោគិនជប៉ុន ឲ្យបានច្រើនបន្ថែមទៀត។

លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានជូនពរលោក Masahiro MIKAMI ព្រមទាំងសហការីទាំងអស់ សូមទទួលបាននូវជោគជ័យគ្រប់ភារកិច្ច៕