(កំពង់ស្ពឺ)៖ ថ្មីៗនេះបន្ទាប់ពីមានសេចក្តីរាយការណ៍ពីករណីរំលោភឈួសឆាយដីព្រៃរបស់រដ្ឋយកធ្វើជាកម្មសិទ្ធិក្នុងភូមិសាស្ត្រស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺមក ការិយាល័យស្រុកឱរ៉ាល់ បានស្នើសុំឲ្យមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ដកហូតដីព្រៃមួយកន្លែងនៅចំណុចខាងត្បួងវត្តតាសាល ក្នុងភូមិតាសាល ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មកជាសម្បត្តិរដ្ឋវិញ។
នេះបើតាមលិខិតមួយច្បាប់លេខ ១៦/២០ ក.ដ.ព.ឱ.រ ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ចុះហត្ថលេខាដោយលោក ហ៊ុល ម៉ារ៉ា អនុប្រធានការិយាល័យស្រុកឱរ៉ាល់ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។
បើទោះបីជាយូឆ្នាំមកហើយ មានការរំលោភយកដីព្រៃរដ្ឋជាច្រើនកន្លែងក៏គេមិនដែលឃើញការដកហូតដីរដ្ឋ ពីសំណាក់មន្ត្រីជំនាញរបៀបនេះដែរ ហើយករណីរំលោភដីរដ្ឋកន្លងមក មន្ត្រីដឹងហើយតែធ្វើមិនដឹង គឺគប់គិតគ្នាជាប្រព័ន្ធ។
មានប្រភពមួយដែលសុំមិនឲ្យបង្ហាញអត្តសញ្ញាណ បានបង្ហើបថា ករណីដកហូតដីព្រៃ ឬដីស្ថិតក្នុងដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ អាចនឹងត្រូវដកយកមកវិញជាច្រើនកន្លែងបន្តទៀត ដោយសារតែប្រេះឆាផ្ទៃក្នុង បែកបាក់សាមគ្គី ក្នុងការដឹកនាំកន្លងមក។ ប្រភពបន្តថា បើសិនជាករណីដកហូតដីរដ្ឋនេះធ្វើឡើងមិនជោគជ័យទេ មានន័យថា ដីព្រៃរបស់រដ្ឋជាច្រើនប្រាកដជាត្រូវឈ្មួញ និងមន្ត្រីមួយចំនួនប ន្តកាន់កាប់ដីរដ្ឋយកជាកម្មសិទ្ធិអស់រាប់រយហិកតាដដែល៕