(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានចេញសេចក្តីណែនាំស្ដីពី វិធានការបន្ទាន់សម្រាប់បង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ សម្រាប់គ្រប់អង្គភាពក្រោមចំណុះក្រសួងមហា ផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ នេះបើយោងតាមសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ។

នៅក្នុងសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ស្ដីពីវិធានការបន្ទាន់សម្រាប់បង្ការនិងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ មានដូចជា៖

* ទី១៖ ត្រូវស្វាគមន៍គ្នាដោយការគោរពគំនាប ឬលើកដៃសំពះតាមទំនៀមទម្លាប់ខ្មែរ ចៀសវាងការចាប់ដៃ។

* ទី២៖ ត្រូវសាងសំអាតដៃជាមួយសាប៊ូ និងទឹកស្អាត ឬក៏លាងដៃឲ្យបានញឹកញាប់មុនពេលបរិភោគអាហារ មុនពេលយកដៃទៅប៉ះពាល់មុខ ឬបន្ទាប់ពីចូលបន្ទប់ទឹករួច។

* ទី៣៖ រៀបចំឲ្យមានកំប៉ុងអាកុល ឬសាប៊ូ សំរាប់លាងដៃនៅគ្រប់អង្គភាព និងអនាម័យជាប្រចាំតាមបន្ទប់ សាលប្រជុំ ដោយប្រើថ្នាំសម្លាប់មេរោគ ឬសាប៊ូឱ្យបានត្រឹមត្រូវនឹងញឹកញាប់

* ទី៤៖ បើមានរោគសញ្ញាមួយដូចជា៖ គ្រុនក្តៅ ហៀរសំបោរ ឈឺបំពង់ក ក្អក កណ្ដាស់ ពិបាកដកដង្ហើម ត្រូវទៅពិនិត្យព្យាបាលជំងឺនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិត។

* ទី៥៖នៅពេលក្អកកណ្ដាសត្រូវខ្ទប់មាត់ច្រមុះ ដោយប្រើកន្សែង ក្រម៉ា កែងដៃ ឬក្រដាស រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវបន្ទាប់មកត្រូវលាងដៃ សម្អាតដៃនឹងសាប៊ូ ឬអាកុល។

* ទី៦៖ ពេលប្រាស្រ័យទាក់ទងជាមួយបុគ្គលដែលមានរោគសញ្ញាដូចជា គ្រុនក្តៅ ក្អក កណ្តាស់ ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម ត្រូវរក្សាចំងាយសុវត្ថិភាពលើសពី ១.៥ម៉ែត្រ នឹងតម្រូវឲ្យគាត់ពាក់ម៉ាស។

* ទី៧៖ ចំពោះមន្ត្រីទើបត្រឡប់ពីបណ្ដាប្រទេសដែលកំពុងរីករាលដាលខ្លាំងនៃជំងឺកូវីដ 19 ត្រូវដាក់ខ្លួនឲ្យនៅដោយឡែករយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃដែលបានមកដល់ព្រះរាជាណាចក្រកម្ពុជាវិញ។

* ទី៨៖ រាល់បេសកកម្មក្រៅប្រទេសត្រូវផ្អាកមួយរយៈពេល ចាប់ពីថ្ងៃទទួលបានសេចក្តីណែនាំនេះតទៅ លើកលែងតែករណីចាំបាច់ និងមានការយល់ព្រមពីក្រសួង។

* ទី៩៖ អង្គភាពចំណុះក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ត្រូវតាមដាន និងរាយការណ៍ជាប្រចាំអំពីស្ថានភាពសុខភាពមន្ត្រីរបស់ខ្លួន ។ ក្នុងករណីមន្ត្រីណាមួយមានការសង្ស័យដោយរោគសញ្ញាស្រដៀងនឹងជំងឺកូវីដ ត្រូវទូរសព្ទជាបន្ទាន់ទៅលេខ 115។

ូមបញ្ជាក់ថា គិតរហូតមកដល់ព្រឹកថ្ងៃទី១៩ ខែមីនានេះ នៅកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៣៧ករណីហើយ ដែលក្នុងនោះមានជនជាតិចិនម្នាក់ ត្រូវបានព្យាបាលជាសះស្បើយហើយបញ្ជូនត្រឡប់ទៅវិញ៕

ខាងក្រោមនេះជាសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ៖