(ភ្នំពេញ)៖ ក្រសួងសុខាភិបាល តាមរយៈបណ្ដាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ សូមប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស កុំឲ្យបាញ់បោកនូវការឃោសនាបំភ្លើសការពិត អំពីការលក់ថ្នាំ ឬឱសថ ដែលបំផុសថាអាចព្យាបាលជំងឺ Covid-19 ខណៈដែលអង្គការសុខភាពពិភពលោក មិនទាន់បានប្រកាសឈ្មោះថ្នាំ ឬ ឱសថណាមួយដែលអាចព្យាបាលជំងឺនេះនៅឡើយទេ។
លោកវេជ្ជបណ្ឌិត លី សុវណ្ណ ប្រធាន នាយកដ្ឋាន ប្រយុទ្ធ នឹង ជំងឺ ឆ្លង និង ជា អ្នក នាំ ពាក្យ នៃ ក្រសួង សុខាភិបាលកម្ពុជា អ្នកនាំពាក្យក្រសួងសុខាភិបាល បានអះអាងពីវិធានការផ្លូវច្បាប់ថា ក្រសួងសុខាភិបាល នឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជនឆបោក និងអ្នកដែលប្រព្រឹត្តអំពើខុសច្បាប់មួយនេះ ដោយមិនបណ្ដោយឲ្យជនទាំងនោះឆ្លៀតឱកាស ទៅបោកប្រាស់ប្រជាពលរដ្ឋពេលកំពុងជួបការភ័យខ្លាចនេះឡើយ។
លោកវេជ្ជបណ្ឌិត លី សុវណ្ណ បានថ្លែងយ៉ាងដូច្នេះថា «រហូតមកដល់ម៉ោង០៧៖៣០នាទីយប់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ អង្គការសុខភាពពិភពលោក មិនទាន់បានទទួលស្គាល់ឱសថណាមួយ ដើម្បីព្យាបាលជំងឺ Covid-19 នៅឡើយទេ។ កាលណាគ្មានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក គឺព័ត៌មានទាំងនោះមិនត្រឹមត្រូវនោះទេ»។
ការចេញមកច្រានចោលរបស់អ្នកនាំពាក្យក្រសួងសុខាភិបាលខាងលើ បានធ្វើឡើងបន្ទាប់ពីប៉ុន្មានថ្ងៃនេះ មានទិញ និងការលួចលក់ឱសថដែលខុសពីការពិត ពីសំណាក់ជនឆបោក រហូតមានការបំផុសថា អាចព្យាបាលជំងឺ Covid-19។ សកម្មភាពទាំងអស់នេះ គឺកើតឡើងនៅតាមក្រសួង ស្ថាប័នមួយចំនួន។
លោក លី សុវណ្ណ អ្នក នាំ ពាក្យ នៃ ក្រសួង សុខាភិបាលកម្ពុជា បានអះអាងថា ក្រសួងសុខាភិបាល នឹងចាត់វិធានការចំពោះបុគ្គលទាំងឡាយណា ដែលផ្សព្វផ្សាយខុសពីការពិត ខណៈដែលអង្គការសុខភាពពិភពលោក មិនទាន់មានការទទួលស្គាល់ឱសថណាមួយថា អាចព្យាបាលជំងឺ Covid-19 ជានៅឡើយទេ ដូច្នេះសូមប្រជាពលរដ្ឋកុំមានការយល់ច្រឡំ។
សូមជម្រាបថា គិតត្រឹមរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ អ្នកឆ្លងជំងឺកូវីដ១៩ នៅកម្ពុជា សរុបចំនួន ៣៥នាក់ ក្នុងនោះមានជនជាតិម្នាក់ ដែលបានព្យាបាលជាសះស្បើយ៕