(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើដល់លោក Alexandre Huynh តំណាងអង្គការស្បៀង និងកសិកម្មនៃអង្គការសហ ប្រជាជាតិប្រចាំកម្ពុជា (FAO) ពិនិត្រលទ្ធភាពផ្ដល់ការគាំទ្រ ដល់ការចិញ្ចឹមគោយកទឹកដោះនៅកម្ពុជា ព្រោះថាទឹកដោះគោ ពោពេញដោយសារជាតិបំប៉ន និងសារជាតិលូតលាស់ ដែលពិតជាសំខាន់ សម្រាប់កុមារ ជាពិសេសកុមារនៅជនបទ។
ការស្នើររបស់លោក វេង សាខុន ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោក Alexandre Huynh ដើម្បីពិភាក្សាការងារ អំពីក្របខ័ណ្ឌកម្មវិធី គាំទ្រដល់ការអភិវឌ្ឍ សម្រាប់កម្ពុជាឆ្នាំ២០១៩-២០២៣ ដែលអង្គការ FAO ទើបបង្កើតថ្មី រួមជាមួយនឹងគម្រោងឧបត្ថម្ភគាំទ្រថ្មីៗ សម្រាប់អភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជាផងដែរ។
ទាក់ទិននឹងការស្នើរបស់លោក វេង សាខុន នេះលោក Alexandre Huynh បានឯកភាពចំពោះការលើកឡើង របស់លោករដ្ឋមន្ត្រី ហើយនឹងពិនិត្យលទ្ធភាព ក្នុងការផ្ដល់កិច្ចសហការ ដោយបញ្ជាក់ថា អង្គការ FAO នៅតែបន្តផ្តល់ការគាំទ្រដល់ក្រសួង ដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យនេះ ឲ្យកាន់តែរីកចម្រើនថែមមួយកម្រិតទៀត។
លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះអង្គការ FAO ដែលបានផ្តល់ការគាំទ្រយ៉ាងពេញលេញជូនរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិ កាត់បន្ថយភាពក្រីក្រ ធានាសន្តិសុខស្បៀង អាហារូបត្ថម្ភ ការគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយចីរភាព និងនិរន្តរភាពនៅកម្ពុជាកន្លងមក។
លោកបានបន្ដថា កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរនេះហើយ បានជួយលើកកម្ពស់កម្រិតជីវភាព និងកម្រិតរស់នៅរបស់ប្រជាជនកម្ពុជា ហើយសង្ឃឹម និងជឿជាក់ថាអង្គការ FAO នឹងនៅតែជាដៃគូដ៏ល្អ ដើម្បីរួមគ្នាសម្រេចបាននូវទស្សនៈ និងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយប្រទេសជាតិ ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងកម្រិតខ្ពស់នាឆ្នាំ២០៥០។
លោក Alexandre Huynh ក៏បានថ្លែងអំណរគុណចំពោះ លោករដ្ឋមន្ត្រី និងសហការី ដែលតែងតែផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងល្អដល់អង្គការ FAO ដើម្បីរួមគ្នាអនុវត្តកម្មវិធី និងគម្រោងទទួលបានលទ្ធផល គួរជាទីមោទនៈនាពេលបច្ចុប្បន្ន និងកន្លងមក។
លោកបន្ថែមថា គោលបំណងសំខាន់នៃកិច្ចពិភាក្សានារសៀលនេះ ដើម្បីរាយការណ៍លំអិត ជូនលោករដ្ឋមន្ត្រី និងសហការីជ្រាបអំពីក្របខ័ណ្ឌកម្មវិធីគាំទ្រដល់ការអភិវឌ្ឍ សម្រាប់កម្ពុជាឆ្នាំ២០១៩-២០២៣ ដែលអង្គការ FAO ទើបតែរៀបចំឡើង ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយ និងផែនការយុទ្ធសាស្ត្រថ្មីរបស់ក្រសួង។
ក្នុងនោះលោកក៏បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់មន្ត្រីជំនាញរបស់ក្រសួង សហការជាមួយអង្គការ FAO រៀបចំបានគម្រោងថ្មីៗចំនួន២ ដែលគម្រោងទី១ ផ្តោតជាសំខាន់លើការបន្ស៊ាំ និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ សម្រាប់សហគមន៍នេសាទ នៅតាមឆ្នេរសមុទ្រកម្ពុជា ដែលគម្រោងនេះមានថវិកាគាំទ្រ៤.៣លានដុល្លារ។
ចំពោះគម្រោងទី២ មានថវិកាគាំទ្រ១០លានដុល្លារ ដើម្បីលើកកម្ពស់សម្ថភាព និងជីវភាពរបស់សហគមន៍ ផ្នែកដំណាំស្រូវ ក្នុងតំបន់បឹងទន្លេសាបដែលបាននិងកំពុង រងការប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុ។ មិនតែប៉ុណ្ណោះក៏មានគម្រោងឧបត្ថម្ភគាំទ្រ ថ្នាក់តំបន់ចំនួន៣ទៀត ដែលកំពុងដំណើរការនៃនីតិវិធីស្នើសុំ ហើយលោកក៏សង្ឃឹមថា នឹងទទួលបានការឯកភាពនាពេលឆាប់ៗខាងមុខនេះ។
លោករដ្ឋមន្ត្រី វេង សាខុន បញ្ជាក់ថា ការធ្វើកសិកម្មបច្ចុប្បន្ន គឺដើម្បីលើកស្ទួយ និងទ្រទ្រង់សេដ្ឋកិច្ចជាតិ ហេតុនេះទើបក្រសួងបានធ្វើការកែសម្រួល គោលនយោបាយ និងទិសដៅរបស់ខ្លួន សំដៅទៅលើការធ្វើទំនើបកម្មកសិកម្ម យន្តូបនីយកម្មកសិកម្ម កសិកម្មបៃតង នវានុវត្តន៍ ពិពិធកម្មកសិកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម ដើម្បីប្រែក្លាយកសិករទៅជាកសិ-ពាណិជ្ជករ ហើយក៏មានដៃគូអភិវឌ្ឍន៍ជាច្រើនក៏បាន និងកំពុងចូលរួមយ៉ាងសកម្ម ជាមួយក្រសួងអនុវត្តការងារនេះផងដែរ៕