(ភ្នំពេញ)៖ លោក តាំង ស៊ុនឡាយ ប្រធានតុលាការក្រុងភ្នំពេញ បានថ្លែងប្រាប់អង្គភាព Fresh News នៅល្ងាចថ្ងៃទី០២ ខែមករា ឆ្នាំ២០១៦នេះ ឲ្យដឹងថា លោកពុំទាន់ទទួលបានព័ត៌មាន អំពីការចង់សួរចម្លើយតាមរយៈអ៉ិនធើណែតជាផ្លូវការណាមួយពី លោក សម រង្ស៊ី នោះទេ ប៉ុន្តែបើទោះបីយ៉ាងណាក៏ដោយ តាមនីតិវិធីគឺពុំអនុញ្ញាតឲ្យមានការសួរចម្លើយតាមប្រព័ន្ធអ៉ិនធើណែតនោះទេ ត្រូវមកបង្ហាញខ្លួននៅក្នុងសវនាកា សាលាដំបូងរាជធានីភ្នំពេញ។
ការថ្លែងរបស់ប្រធានសាលាដំបូងរាជធានីភ្នំពេញនាពេលនេះ ធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានសរសេរបង្ហាញ នៅលើ Facebook ផ្ទាល់ខ្លួនរបស់លោក នៅរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០១៦នេះថា លោក យល់ព្រមឆ្លើយសំណួររបស់តុលាការ នៅថ្ងៃទី៤ មករា ខាងមុខនេះ តែត្រូវធ្វើតាមប្រព័ន្ធ Skype។
គួររំលឹកឲ្យដឹងថា កាលពីដើមខែធ្នូ ឆ្នាំ២០១៥ សាលាដំបូងរាជធានីភ្នំពេញ បានកោះហៅលោក សម រង្ស៊ី ឲ្យចូលឆ្លើយបំភ្លឺនៅតុលាការតាមបណ្ដឹងរបស់សម្តេច ហេង សំរិន ពីរឿងដែលលោក សម រង្ស៊ី បានសរសេរនៅលើទំព័រ Facebook កាលពីពេលថ្មីៗនេះថា របបដឹកនាំរបស់សម្តេចហេង សំរិន ធ្លាប់បានកាត់ទោសប្រហារជីវិតអតីតព្រះមហាក្សត្រខ្មែរ សម្ដេចព្រះ នរោត្តម សីហនុ ពីបទក្បត់ជាតិ។ ប៉ុន្តែលោក សម រង្ស៊ី មិនបានចូលបំភ្លឺតាមដីកាកោះរបស់តុលាការពេលនោះឡើយ៕