(ភ្នំពេញ)៖ រាជរដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាចំនួន ២៤៩,៥២៩ដុល្លារអាមេរិក ដល់អង្គភាពចំនួន២ របស់កម្ពុជា សម្រាប់ការសាងសង់ស្ពាន នៅខេត្តក្រចេះ និងគម្រោងកែលម្អផ្លូវថ្នល់ នៅខេត្តកំពត ក្រោមជំនួយឧបត្ថម្ភឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ (ជំនួយគូសាណូណិ)។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតជប៉ុន នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន, បានឲ្យដឹងថា គម្រោងទាំងនោះ រួមមាន៖
១៖ គម្រោងកែលម្អផ្លូវថ្នល់ក្នុងឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត ដែលមាន៖
* ថវិកាចំនួន ៦២,៦៣៨ ដុល្លារអាមេរិក
* អង្គភាពទទួលជំនួយ គឺមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត។
នៅក្នុងគម្រោងនេះ ស្ពានចាសមួយដែលមានស្រាប់នឹងត្រូវបានជំនួសដោយលូប្រអប់បេតុងចំនួន៣ នៅក្នុងវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត។ គម្រោងនេះ ត្រូវបានគេរំពឹងថា នឹងផ្តល់ប្រយោជន៍ដល់ប្រជាជនប្រមាណ ៣៧,០០០នាក់ នៅក្នុងតំបន់។ យើងរំពឹងផងដែរថា ផ្លូវកែលម្អនេះ នឹងផ្តល់ឲ្យប្រជាពលរដ្ឋមូលដ្ឋាន នូវភាពងាយស្រួលជាងមុន ក្នុងការធ្វើដំណើរទៅសាលារៀន មន្ទីរពេទ្យ និងផ្សារ ហើយជាពិសេសជំរុញសកម្មភាពសេដ្ឋកិច្ចរបស់ប្រជាជន តាមរយៈការលើកកម្ពស់ ការតភ្ជាប់នៅក្នុងតំបន់។
២៖ គម្រោងសាងសង់ស្ពានក្នុងឃុំឃ្សឹម ស្រុកស្នូល ខេត្តក្រចេះ ដែលមាន៖
*ថវិកាចំនួន ១៨៦,៨៩០ដុល្លារអាមេរិក
*អង្គភាពទទួលជំនួយ គឺមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ។
ក្នុងគម្រោងនេះ ស្ពានប្រវែង ២០ម៉ែត្រ និងលូប្រអប់ប្រវែង ៩ម៉ែត្រ នឹងត្រូវសាងសង់នៅក្នុងឃុំឃ្សឹម ស្រុកស្នូល ខេត្តក្រចេះ។ បច្ចុប្បន្ននេះ ប្រជាពលរដ្ឋកំពុងប្រើស្ពានឈើ ដែលងាយនឹងបាក់ បន្ទាប់ពីលូបេតុងចាស់នោះ ត្រូវបានបំផ្លាញយ៉ាងខ្លាំងដោយទឹកជំនន់។ គម្រោងនេះ ត្រូវបានគេរំពឹងថា នឹងផ្តល់ប្រយោជន៍ដល់ប្រជាជនប្រមាណ ៣,០០០នាក់ នៅក្នុងតំបន់មានផ្លូវសុវត្ថិភាព សម្រាប់ធ្វើដំណើរទៅសាលារៀន មន្ទីរពេទ្យ និងផ្សារ ព្រមទាំងលើកកម្ពស់ ការដឹកជញ្ជូនផលិតផលកសិកម្ម។
សូមបញ្ជាក់ថា ជំនួយឥតសំណងគូសាណូណិរបស់ជប៉ុន បានចាប់ផ្តើមនៅកម្ពុជា នៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ គម្រោងជំនួយនេះ មានទិសដៅការពារជនងាយរងគ្រោះ ពីកត្តាមួយចំនួនដូចជា៖ ភាពក្រីក្រ និងភាពអកុសល ដែលអាចគំរាមកំហែងដោយផ្ទាល់ ដល់ជីវភាពរបស់នៅ ការចិញ្ចឹមជីវិត និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាជំរុញនៅភាពម្ចាស់ការ លើខ្លួនឯងរបស់ប្រជាសហគមន៍។ ចាប់តាំងពីឆ្នាំ១៩៩១ ជប៉ុនបានផ្តល់ថវិកាជាង ៦០លានដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តន៍គម្រោងគូសាណូណិ ចំនួន ៦២៣គម្រោង នៅទូទាំងប្រទេសកម្ពុជា៕