(ភ្នំពេញ)៖ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ នៅក្នុងប្រទេសកម្ពុជា ក្រសួងទេសចរណ៍ បានចេញសេចក្តីណែនាំស្តីពី វិធានការបង្ការការចំលងជំងឺកូវីដ១៩ សម្រាប់អ្នកបើកតាក់ស៊ី និងរ៉ឺម៉កកង់បី នៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្ដីណែនាំ របស់ក្រសួងទេសចរណ៍ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ។
នៅក្នុងសេចក្តីណែនាំរបស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា សេចក្តីណែនាំទៅដល់អ្នកបើកតាក់ស៊ី និងរ៉ឺម៉កកង់បី រថយន្តវែងជួល រថយន្តទេសចរណ៍ជួល និងរថយន្តក្រុង នៅអាកាសយានដ្ឋានមានដូចខាងក្រោម៖
ទី១៖ ការគ្រប់គ្រងអនាម័យរថយន្តទេសចរណ៍
* ត្រូវរក្សាកន្លែងផ្តល់សេវាឱ្យស្អាតជានិច្ច ជាពិសេសកន្លែងលក់សំបុត្រ បង្គន់ និងបន្ទប់ទទួលអាហារ (ប្រសិនបើមាន)។
* រក្សាយានយន្តឱ្យស្អាតជានិច្ច ជាពិសេសកន្លែងដែលអ្នកដំណើរឧស្សាហ៍ប៉ះពាល់ ឬប្រើញឹកញាប់មានដូចជា៖ បង្កាន់ដៃ ទ្រនាប់ពូកកៅអី ភ្នាក់ដៃកៅអី និងកញ្ចក់ឆ្លុះមុខ ដោយស្នើការសម្អាតជាមួយនឹងសាប៊ូ និងទឹកអាល់កុល។
* ផ្តល់ទឹកអាកុល និងម៉ាស់បិទមុខដល់អ្នកបើកបរ និងអ្នកធ្វើដំណើរជាមួយ។
ទី២៖ ការគ្រប់គ្រងបុគ្គលិក និងអ្នកបើកបរ
* អ្នកគ្រប់គ្រងអាជីវកម្មគួរចាត់វិធានការគ្រប់គ្រង ចែករំលែក ផ្សព្វផ្សាយព័ត៌មាន និងផ្តល់ សេចក្តីណែនាំស្តីពី ការទប់ស្កាត់ និងប្រឆាំងនឹងវីរុសថ្មីនេះដល់បុគ្គលិក។
* គួរតែធ្វើការពិនិត្យសុខភាពសម្រាប់បុគ្គលិក ដែលធ្វើការនៅកន្លែងសាធារណៈជាប្រចាំ។
* អ្នកបើកបរយានយន្តគួរពាក់ម៉ាស់ និងលាងដៃជាមួយទឹកអាល់កុល ឬសាប៊ូ ដើម្បីការពារខ្លួនពីការឆ្លងវីរុសថ្មីនេះ។ ក្នុងករណីបើអ្នកបើកបរតាក់ស៊ី មិនមានអ្នកដំណើរ គួរតែមិនចាំបាច់ពាក់ម៉ាស់ទេ។
* ផ្តល់ព័ត៌មាននានា អំពីអ្វីដែលត្រូវធ្វើនៅពេលបុគ្គលិក ឬអ្នកបើកបរតាក់ស៊ីមានអាការៈសញ្ញាដូចជា៖ គ្រុនក្តៅ ក្អក សណ្តាស់ រលាកបំពង់ក ហៀរសំបោរ ឬមានអាការៈពិបាកដកដង្ហើម។
* សង្កេតមើលរោគសញ្ញាលើបុគ្គលិក ឬអ្នកបើកបរតាក់ស៊ីណាដែលឈឺ ប្រសិនបើសង្ស័យថាពួកគេឆ្លងវីរុស Covid-19 សូមជូនដំណឹងទៅផ្នែកធនធានមនុស្ស ដើម្បីពិចារណាលើការអនុញ្ញាតផ្តល់ថ្ងៃឈប់សម្រាកដល់ពួកគេ ដើម្បីសម្រាកព្យាបាលជំងឺរហូត ដល់ជាសះស្បើយ។
ទី៣៖ ការគ្រប់គ្រងការផ្តល់សេវាកម្មធ្វើដំណើរ, ប្រសិនបើមានអ្នកដំណើរមានរោគសញ្ញាដូចជា៖ ក្អក កណ្តាស់ គ្រុនក្តៅ រលាកបំពង់ករ ហៀរសំបោរ ឬមានការៈពិបាកដកដង្ហើម អ្នកបើកបរត្រូវប្រាប់អ្នកដំណើរឱ្យពាក់ម៉ាស់ ដែលបានផ្តល់ជូនស្រាប។
ទី៤៖ សម្រាប់អ្នកដំណើរ ឬអតិថិជនត្រូវ ត្រៀមខ្លួនរួចជាស្រេចដូចជា៖ ម៉ាស់ និងទឹកអាល់កុល ដើម្បីលាងដៃផ្ទាល់ខ្លួននៅពេលធ្វើដំណើរ៕
ខាងក្រោមនេះជាសេចក្តីណែនាំរបស់ក្រសួងទេសចរណ៍៖