(កំពង់ឆ្នាំង)៖ យុវជន និងកុមារាកុមារីនៅក្នុងខេត្តកំពង់ឆ្នាំងជាច្រើននាក់ បាននាំគ្នាទៅហាត់ក្បាច់គុណកាន់តែច្រើនឡើង ជាមួយលោកគ្រូ អំ យ៉ុម ហៅលោកតាដំបងដែក ដែលមានទីតាំងស្ថិតនៅក្នុងភូមិប្អេរ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។
រហូតមកដល់ថ្ងៃនេះ លោកគ្រូ បានទទួលសិស្សគុនប្រមាណជា ១៦០នាក់ហើយ និងបានចែកវេនហាត់ព្រឹកល្ងាច សំរាប់សិស្សានុសិស្ស និងពេលយប់ សំរាប់មន្ត្រីរាជការ ព្រោះពួកគេយល់ថា ការហាត់ក្បាច់គុនល្បុកតោ អាចនាំឲ្យពួកគាត់មានសុខភាពល្អ ចៀសឆ្ងាយពីគ្រឿងញៀន និងអបាយមុខផ្សេងៗ ជាពិសេសអាចរក្សាបាននូវក្បាច់គុនបូរាណខ្មែរទៀតផង។
សិស្សគុនជាច្រើននាក់ដែលកំពុងហាត់ បានឲ្យដឹងថា ការបង្ហាត់បង្រៀនក្បាច់គុនល្បុកតោនេះ មានការលំបាកបន្តិច ក៏ព្រោះតែលោកគ្រូខ្វះធនធានដើម្បីទិញសម្ភារ ដូចជា ឧបករណ៍សម្រាប់ហាត់ និងសំលៀកបំពាក់ជាប្រពៃណីបូរាណខ្មែរ។ ម្យ៉ាងវិញទៀត សិស្សមួយចំនួនមិនសូវគោរពវិន័យ តែលោកគ្រូនៅតែព្យាយាមបង្ហាត់បង្ហាញផ្ទេរចំណេះដឹង ដែលលោកគ្រូមានទៅឲ្យពួកគេបានដឹង និងយល់ថាក្បាច់ គុនខ្មែរយើងល្អប្រពៃប៉ុណ្ណា។
លោកគ្រូ អំ យ៉ុម បានឲ្យដឹងថា មិនត្រឹមតែកូនខ្មែរយើងទេ ដែលចាប់អារម្មណ៍លើក្បាច់គុនល្បុកតោនោះ សូម្បីតែជនបរទេសដែលមានពេលមកសំរាកលំហែរកាយនៅក្នុងទឹក ដីខេត្តកំពង់ឆ្នាំង ក៏បានមកចូលរៀនជាមួយលោកគ្រូប្រមាណជិត ១០នាក់ផងដែរ តែពេលនេះពួកគេបានត្រឡប់ទៅស្រុកកំណើតគេវិញហើយ ដោយពួកគេបានសន្យាថា នឹងយកក្បាច់គុនដែលគេរៀនចេះខ្លះៗ នោះទៅបង្ហាត់ បង្ហាញមិត្តភ័ក្ររបស់គេឲ្យស្គាល់ពីក្បាច់គុនបូរាណខ្មែរ។
គួររំលឹកថា នៅក្នុងខេត្តកំពង់ឆ្នាំង លោក គ្រូ អំ យ៉ុម បានបើកបង្ហាត់ក្បាច់គុនល្បុកតោជិត ៦ឆ្នាំមកហើយ ក្នុងនោះលោកគ្រូ បានបញ្ជូនសិស្សទៅចូលរួមប្រកួតថ្នាក់ជាតិបានជាច្រើនលើក និងទទួលបានមេដៃមាសប្រាក់ ព្រមទាំងសំរិទ្ធផងដែរ។ លើសពីការប្រកួតថ្នាក់ជាតិ លោកគ្រូក៏បានបញ្ជូនសិស្សទៅសំដែងបង្ហាញប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិអន្តរជាតិនៅក្នុងពិធី អង្គរសង្ក្រាន្តក្នុងខេត្តសៀមរាប ជារៀងរាល់ឆ្នាំ ពិសេសរាល់ពិធីបុណ្យជាតិផ្សេងៗ ទាំងនៅក្នុងខេត្តកំពង់ឆ្នាំងនេះផងដែរ។
លោកគ្រូ អំ យ៉ុម បានសំណូមពរដល់សប្បុរសជនជិតឆ្ងាយ ប្រសិនបើចាប់អារម្មណ៍ និងស្រឡាញ់ក្បាច់គុនបូរាណខ្មែរ សុំឲ្យបញ្ជូនកូនចៅមករៀននៅ ពេលពួកគេទំនេរពីការសិក្សា និងជួយឧបត្ថមគាំទ្រ ដល់សាលាគុនរបស់លោកគ្រូផង ព្រោះសព្វថ្ងៃលោកគ្រូបង្ហាត់បង្រៀនសិស្ស មិនបានយកកំរ៉ៃពីពួកគេឡើយ៕