(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន បានឲ្យដឹងថា ក្រសួងទេសចរណ៍ និង អង្គការ KOTRA របស់កូរ៉េខាង ត្បូង នឹងរួមគ្នារៀបចំពិធីបុណ្យស្រូវនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦នេះ នៅក្នុងភូមិទឹកជោ ឃុំទឹកជោ នៅស្រុកព្រះនេត្យព្រះ ដើម្បីផ្សព្វផ្សាយកសិផល ជាពិសេសដំណាំស្រូវរបស់កម្ពុជា។
លោក ថោង ខុន បានប្រាប់ Fresh News នៅរសៀលថ្ងៃទី០២ ខែ មករា ឆ្នាំ២០១៦នេះថា ក្នុងពិធីនេះ នឹងមានការបង្ហាញអំពី វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី របស់ប្រជាកសិករខ្មែរ ស្ទូងស្រូវ ច្រូតកាត់ និង ផលិតផលទេសចរណ៍។
បើតាមលោក ថោង ខុន នៅក្នុងពិធីបុណ្យស្រូវនេះ ក៏នឹងមានការប្រគំតន្រី ព្រមទាំងដាក់តាំងពិព័រណ៍ផលិតផលផ្សេងៗផងដែរ។ លោករដ្ឋមន្រ្តី បានអំពាវនាវសុំឲ្យប្រតិបត្តិករណ៍លើវិស័យទេសចរណ៍ រួមទាំងវិស័យស្រូវអង្ករផងដែរចូលរួមឲ្យបានច្រើនកុះករ នៅក្នុងពិធីនេះ។
លោក ថោង ខុន បានបន្ថែមថា ពិធីបុណ្យស្រូវនេះ ធ្វើឡើងក្នុងបំណងទាក់ទាញភ្ញៀវទេសចរ ហើយក៏ជាការផ្សព្វផ្សាយវិស័យ ស្រូវអង្កររបស់កម្ពុជាផងដែរ៕