(កោះកុង)៖ លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានឲ្យដឹងថា ក្រោយពីធ្វើតេស្តចេញជាលទ្ធផល ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបង្ហាញវិជ្ជមានវីរុស Covid-19 កើតទៅលើបុរសជនជាតិឥស្លាមម្នាក់ វ័យអាយុ៥៧ឆ្នាំ មានទីលំនៅ ភូមិត្រើយកោះ ឃុំត្រើយកោះ សង្កាត់ដងទង់ ខេត្តកំពត បានចុះមកធ្វើការផ្សព្វផ្សាយពីសាសនាឥស្លាម នៅព្រះវិហារសាសនា ភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្រោយពីធ្វើតេស្តពីវិទ្យាប៉ាស្ទ័រ បានរកឃើញវីរុស Covid-19 បុគ្គលិកមន្ទីរពេទ្យ បានយកគាត់មកដាក់ក្នុងបន្ទប់១ ក្នុងមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីធ្វើការព្យាបាល និងធ្វើការពិនិត្យលើករណីនេះ និងរៀបចំពិធីការពារកុំឲ្យជំងឺនេះ រីករាល់ដាលបន្តទៀត។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង បានឲ្យដឹងទៀតថា ការធ្វើតេស្តទៅបរុសជនឥស្លាមនេះមានចំនួន ៣នាក់ តែការធ្វើតេស្តចេញ ជាលទ្ធផល ពីវិទ្យាស្ថានប៉ាស្ទ័រវិជ្ជមាន មានតែម្នាក់ទេ ហើយបុរស ២នាក់ អវិជ្ជមាន តែស្ថិតក្នុងកុំការតាមដានរបស់ក្រុមលោកគ្រូពេទ្យ ហើយឲ្យគាត់ស្នាក់ក្នុងបន្ទប់ របស់សាសនាឥស្លាមក្នុងព្រះវិហារ ដោយមិនឲ្យគាត់ចេញ ទៅណាមកណាឡើយ។
លោកបានបន្តថា ចំពោះបុរសជនជាតិឥស្លាមទាំង ៣នាក់នេះ យើងរៀបចំឲ្យមានកន្លែងស្នាក់នៅយ៉ាងសមរម្យ ដោយមានអាហារតាមសាសនា សាប៊ូប្រើប្រាស់ និងថ្នាំពេទ្យ យ៉ាងសមរម្យដោយ មិនឲ្យគាត់ពិបាកឡើយ ហើយណែនាំគាត់កុំឲ្យមានកង្វល់ គិតពីសុខភាពវិញ ហើយស្ថិតក្រោមការព្យាបាលគាត់ យ៉ាងយកចិត្តទុកដាក់។
លោកបន្តទៀតថា ដោយមានការចង្អុលបង្ហាញ ពីរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល អាជ្ញាធរខេត្ត លោកបានឲ្យមន្ត្រីរបស់មន្ទីរសុខាភិបាល គ្រប់បណ្តាស្រុកទាំងអស់ និងអំពាវនាវ ឲ្យមន្ត្រីគ្រប់បណ្តាអង្គភាព ចូលរួមសហការគ្នា ហើយជូនដំណឹងភ្លាមៗ ដល់មន្ទីរសុខាភិបាល ឬមន្ទីរពេទ្យបង្អែក ឬក៏មណ្ឌលសុខភាព បើសិនមានពលរដ្ឋណាម្នាក់ ផ្តោតការសង្ស័យ ទៅសុខភាពរបស់ពួកគាត់។
លោកបានបញ្ជាក់ថា អ្វីដែលគួរឲ្យព្រួយបារម្យជាងគេ គឺជនជាតិខ្មែរឥស្លាម ពីព្រោះបុរសជាតិខ្មែរឥស្លាមទាំង៣នាក់ គាត់បានចុះផ្សព្វផ្សាយផ្នែកខាងសាសនា គឺមានការជួបជុំគ្នាច្រើន ក្នុងព្រះវិហារ។ ប៉ុន្តែអ្វីដែលសំខាន់បងប្អូន ត្រូវចេះការពារខ្លួនឯង ពីបញ្ហាសុខភាពបើមាន អ្វីប្រែប្រួលក្នុងខ្លួន ត្រូវមកមន្ទីពេទ្យ ដើម្បីពិនិត្យសុខភាព ពីជំងឺវិរុស Covid-19 នេះវាកើតគ្រប់បណ្តាប្រទេស លើពិភពលោក ហើយមិនតែកម្ពុជានោះទេ។
លោកវេជ្ជបណ្ឌិត បានបញ្ជាក់ទៀតថា រយៈពេលប៉ុន្មានថ្ងៃមកនេះ មន្ទីរសុខាភិបាល បានធ្វើការបាញ់ថ្នាំ ដើម្បីបង្កការឆ្លងរីករាលដាលវិរុស Covid-19 នេះផងដែរ៕