(ព្រៃវែង)៖ ដោយផ្អែកទៅលើបច្ចុប្បន្នភាព នៃជំងឺវីរុស Covid-19 នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ រដ្ឋបាលខេត្តព្រៃវែង បានបើកប្រជុំរៀបចំវិធានការ និងផ្សព្វផ្សាយស្តីពីការប្រយុទ្ធនឹងជំងឺ Covid-19 ដែលដឹកនាំដោយលោក ចាន់ ថា អភិបាលរងខេត្ត, លោក ចាន់ រ៉ាន់ អភិបាលរងខេត្ត មន្ទីរសុខាភិបាល ការិយាល័យ ប្រតិបត្តិសុខាភិបាល ក្រុង-ស្រុកទាំង១៣ មន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងទាំងបី ដែលធ្វើនៅក្នុងសាលប្រជុំ សាលាខេត្ត។
ថ្លែងនៅក្នុងឱកាសនោះដែរ លោកវេជ្ជបណ្ឌិត សេង បញ្ញារិទ្ធ ប្រធានមន្ទីរពេទ្យខេត្តព្រៃវែង បានលើកឡើងថា ចំពោះបញ្ហាជំងឺវីរុសថ្មី Covid-19 ដែលកំពុងមាននៅក្នុងប្រទេសកម្ពុជា ពេលបច្ចុប្បន្ននេះ គឺមិនមែនកើតឡើង នៅក្នុងសហគមន៍នោះទេ គឺជាការកើតឡើង ដោយការនាំចូលពីក្រៅប្រទេសមកកម្ពុជាតែប៉ុណ្ណោះ ដោយឡែកមិនទាន់មានករណី រកឃើញការឆ្លងប្រជាពលរដ្ឋ នៅក្នុងសហគមន៍ នៅឡើយនោះទេ។
ចំពោះបញ្ហាទាំងអស់នេះ លោកវេជ្ជបណ្ឌិត សេង បញ្ញារិទ្ធ ក៏បានអំពាវនាវដល់មន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងទាំងបី បងប្អូនប្រជាពលរដ្ឋទាំងអស់រួមគ្នា ធ្វើអនាម័យខ្លួនប្រាណ ដោយ លាងដៃជាមួយសាប៊ូ ជាមួយទឹកអាកុល ចេះលាងដៃជាមួយជែលសម្លាប់មេរោគផ្សេងៗ ឲ្យបានជាប្រចាំ ដើម្បីរួមចំណែក មិនឲ្យមានការឆ្លង នៅវីរ៉ុសថ្មី Covid 19 មកលើខ្លួនយើង ដោយមិនត្រូវពឹងផ្អែកមកលើ មន្ទីរពេទ្យទាំងស្រុងនោះទេ។
លោក ចាន់ រ៉ាន់អភិបាលខេត្តស្តីទី ក៏បានលើកឡើងថា កិច្ចប្រជុំនេះ ក្នុងគោលបំណង ដើម្បីរៀបចំក្រុមការងារ ចាត់វិធានការ ផ្សព្វផ្សាយស្តីពី ការប្រយុទ្ធនឹងជំងឺ Covid-19 នៅតាមច្រទ្វាអន្តរជាតិព្រំដែនទាំង៦ក្នុងនោះមាន ច្រកព្រំដែនអន្តរជាតិ ច្រកតំបន់និងច្រកទ្វេភាគី ដើម្បីណែនាំដល់មន្ត្រីដែលនៅ ច្រកទ្វារព្រំដែនទាំងអស់ ត្រូវយកចិត្តទុកដាក់រឹតបន្តឹង និងត្រួតពិនិត្យការចេញចូល របស់ប្រជាពលរដ្ឋនៅតាមព្រំដែនទាំងអស់ ដើម្បីបង្ការ និងចៀសវាងឲ្យបាននូវជំងឺឆ្លងនានា ចូលមកទឹកដីខេត្តព្រៃវែង ជាពិសេសជំងឺវីរុសថ្មី Covid-19។
លោក ក៏បានណែនាំដល់មន្ទីរអង្គភាព ការិយាល័យ អភិបាលក្រុង ស្រុកទាំងអស់ ត្រូវរៀបចំឲ្យមាន អាកុល សាប៊ូ ជែលសំលាប់មេរោគផ្សេងៗ សម្រាប់បុគ្គលិក លាងសម្អាតដៃមុន ពេលចូលធ្វើការនៅតាម កន្លែងធ្វើការរៀងៗខ្លួន ប្រសិនបើ ករណីបុគ្គលិកណាមួយ មានភាពមិនប្រក្រតី កំដៅលើសពីធម្មតា ត្រូវឲ្យគាត់ទៅ មណ្ឌលសុខភាពជាបន្ទាន់ ដើម្បីពិនិត្យ និងពិគ្រោះយោបល់ជាមួយពេទ្យ នៅតាមមណ្ឌលសុខភាព ដែលនៅជិតបំផុត ដើម្បីទប់ស្កាត់ និងព្យាបាល ឲ្យបានទាន់ពេលវេលា និងមិនឲ្យមានការឆ្លងដល់ អ្នកដទៃបន្ថែមទៀតនោះផងដែរ។
សូមបញ្ជាក់ផងដែរថា បើគិតមកដល់ពេលនេះ ក្នុងខេត្តព្រៃវែង ពុំទាន់មានករណី រកឃើញជំងឺវីរុសថ្មី Covid-19 មកប្រជាជន នៅក្នុងខេត្តព្រៃវែងនោះ នៅឡើយទេ៕