(ភ្នំពេញ)៖ ប្រជាពលរដ្ឋខ្មែរដែលចង់ចូលទៅប្រទេសកូរ៉េខាងត្បូង ត្រូវបំពេញ និងអនុវត្តន៍នូវលក្ខខណ្ឌចំនួន៣ចំណុច ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺបង្កដោយមេរោគកូវីត១៩ (COVID-19)។ វិធានការនេះត្រូវអនុវត្តន៍ចាប់ពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០តទៅ។
យោងតាមសេចក្តីជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំនៅកូរ៉េខាងត្បូង ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ បានឱ្យដឹងថា លក្ខខណ្ឌចំនួន៣ចំណុច ដែលត្រូវអនុវត្តន៍នោះរួមមាន៖
១៖ ត្រួតពិនិត្យកំដៅក្នុងខ្លួន និងបំពេញបែបបទប្រកាសសុខភាព ព្រមទាំងប្រកាសកំណត់ត្រាធ្វើដំណើរនៅពេលចូលមកដល់អាកាសយានដ្ឋានអន្តរជាតិ។
២៖ ផ្តល់លេខទំនាក់ទំនង និងអាសយដ្ឋាននៅក្នុងប្រទេសកូរ៉េខាងត្បូង ឱ្យបានច្បាស់លាស់នៅក្នុងលិខិតធ្វើដំណើរ (Travel Record Declaration) នោះ។ មន្ត្រីអន្តោប្រវេសន៍កូរ៉េ នឹងធ្វើការផ្ទៀងផ្ទាត់នៅនឹងកន្លែងដោយផ្ទាល់ថា តើលេខទូរស័ព្ទដែលអ្នកធ្វើដំណើរផ្តល់ឱ្យនោះអាចទំនាក់ទំនងបានដែរឬទេ។ គេនឹងមិនអនុញ្ញាតឱ្យចូលប្រទេសកូរ៉េទេ ក្នុងករណីដែលទូរស័ព្ទដែលផ្តល់ឱ្យនោះមិនអាចទាក់ទងបាន។
៣៖ ដំឡើងកម្មវិធី «the Self Diagnosis App» ក្នុងទូរស័ព្ទហើយរាយការណ៍អំពីស្ថានការណ៍សុខភាពរៀងរាល់ថ្ងៃតាមរយៈកម្មវិធីនេះ រយៈពេល១៤ថ្ងៃ។ ក្នុងករណីដែលបង្ហាញថាមានរោគសញ្ញាអាចជាករណីឆ្លងមេរោគ COVID-19 ក្នុងរយៈពេលពីរថ្ងៃជាប់គ្នា មជ្ឈមណ្ឌលគ្រប់គ្រង និងទប់ស្កាត់ជំងឺឆ្លងកូរ៉េ (KCDC) និងអាជ្ញាធរក្នុងតំបន់នឹងធ្វើការតាមដាន ហើយចាត់វិធានការចាំបាច់បន្ទាន់។
សូមបញ្ជាក់ថា ប្រទេសកូរ៉េខាងត្បូង នៅតែជាប្រទេសមួយដែលមានការឆ្លងមេរោគកូវីត១៩ក្នុងអត្រាមួយខ្ពស់ផងដែរ។ មកដល់ត្រឹមល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ កូរ៉េខាងត្បូងមានអ្នកឆ្លងជំងឺកូវីត១៩ ចំនួន ៨,៤១៣នាក់ ក្នុងនោះអ្នកឆ្លងថ្មីចំនួន ៩៣នាក់។ អ្នកស្លាប់ដោយសារជំងឺនេះ មានចំនួន ៨៤នាក់ ហើយអ្នកព្យាបាលជាមានចំនួន ១,៥៤០នាក់៕