(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានចេញសេចក្តីណែនាំ៦ចំណុច ស្តីពីវិធានការបង្ការការចម្លងជំងឺរលាកសួតវីរ៉ុសកូរ៉ូណាប្រភេទថ្មី ឆ្នាំ២០១៩ (Covid-19) សម្រាប់អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍។
បើយោងតាមសេចក្តីណែនាំ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ បានឲ្យដឹងថា វិធានការទាំង៦នោះ រួមមាន៖
១៖ ម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានទេចរណ៍ទាំងឡាយ ត្រូវផ្សព្វផ្សាយជាសាធារណៈនូវចំណេះដឹង និងការណែនាំផ្សេងៗ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺឆ្លងនេះទៅដល់ភ្ញៀវ និងបុគ្គលិកដូចជា ធ្វើផ្ទាំងផ្សព្វផ្សាយព័ត៌មាន ដែលពន្យល់អំពីការលាងដៃ និងការពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ។
២៖ ផ្តល់សាប៊ូ ទឹកអនាម័យសម្រាប់សម្អាតដៃ និងទឹកអាល់កុលលាងដៃ។ កន្លែងលាងដៃ និងកន្លែងផ្តល់ម៉ាស់ គួរតែរៀបចំនៅបរិវេណភោជនីយដ្ឋាន ជាពិសេស នៅតាមកន្លែងនានាដូចជា ទ្វារចូល បង្គន់ បញ្ជារគិតលុយជាដើម។ល។ ដើម្បីផ្តល់សេវាអនាម័យដល់អតិថិជន និងបុគ្គលិក នៅក្នុងភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍របស់ខ្លួន។
៣៖ បង្កើនការយល់ដឹងទៅដល់ចុងភៅ និងបុគ្គលិកអនាម័យអំពីហានិយភ័យ នៃការចម្លងរោគពីភ្នាក់ងារចម្លងមេរោគ ដោយលើកឡើងពីសារៈសំខាន់ នៃការការពារខ្លួន ដូចជា ការពាក់ម៉ាស់ និងស្រោមដៃ ក្នុងអំឡុងពេលកំពុងធ្វើការ។ ការសម្អាតសម្ភារប្រើប្រាស់ឲ្យបានញឹកញាប់ដូចជា តុបាយ ប្រដាប់ប្រដាប្រើប្រាស់ សម្ភារផ្ទះបាយ និងឧបករណ៍សម្អាត។ ម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ គួរតែគាំទ្រយុទ្ធនាការអនាម័យដល់បុគ្គលិក ដោយការលាងសម្អាតដៃឲ្យបានញឹកញាប់ និងលាងដៃគ្រប់ពេល បន្ទាប់ពីកាន់ឧបករណ៍ ឬប្រដាប់ប្រដាប្រើប្រាស់ ដែលត្រូវបានប៉ះដោយញឹកញាប់។
៤៖ កំណត់កាលវិភាគទៀតទាត់សម្រាប់លាងសម្អាតសម្ភារៈប្រើប្រាស់ ឬទីកន្លែងដែលមានការកាន់ប៉ះពាល់ជាប្រចាំ ដូចជា តុបាយ ដៃទ្វារបង្គន់ ការសម្លាប់មេរោគ និងអាល់កុលបានយ៉ាងតិចពីរដងក្នុងមួយថ្ងៃ។
៥៖ សូមប្រុងប្រយ័ត្ននៅពេលដែលប្រមូលកាកសំណល់ ដូចជា ក្រដាសអនាម័យ ដែលប្រើរួចនៅក្នុងបន្ទប់ទឹក ឬក្រដាសអនាម័យ ដែលកខ្វក់ដោយសារប្រឡាក់សំបោរ ឬទឹកមាត់។ ការពាក់ស្រោមដៃ ឬប្រើប្រាស់ប្រដាប់ចាប់ប្រមូលសំរាម ដែលកខ្វក់គឺជាការសំខាន់ ក្នុងការទប់ស្កាត់ការឆ្លងមេរោគ។ ពេលបោះចោលសំរាម ដែលកខ្វក់ ត្រូវតែចង់មាត់ថង់ឲ្យបានជិត និងត្រូវលាងសម្អាតដៃដើម្បីទប់ស្កាត់សំណល់នៃមេរោគ។
៦៖ សម្រាប់ភោជនីយដ្ឋានធំៗ ដែលមានបុគ្គលិកច្រើន គួរអនុវត្តន៍តាមវិធីណែនាំនេះ មុនពេលចាប់ផ្តើមធ្វើការ។ ប្រសិនបើបុគ្គលិកមានជំងឺ ត្រូវអនុញ្ញាតឲ្យពួកគេត្រឡប់ទៅផ្ទះវិញ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។ ប្រសិនបើនរណាម្នាក់មានអាការៈជំងឺធ្ងន់ធ្ងរ ពួកគេគួរតែស្វែងរកការព្យាបាលជាបន្ទាន់៕
ខាងក្រោមនេះ ជាសេចក្តីណែនាំរបស់ក្រសួងទេសចរណ៍៖