(ត្បូងឃ្មុំ)៖ លោក វង សូត ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានថ្លែងថា សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេតត្បូងឃ្មុំ បានផ្តល់ថវិកាជាច្រើន ដើម្បីអភិវឌ្ឍខេត្តត្បូងឃ្មុំទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ ឲ្យមាការរីកចម្រើន បើទោះខេត្តមួយនេះចាប់ កំណើតឡើងក្រោយគេក្តី។
នៅក្នុងឱកាសចុះពិនិត្យមើលការសាងសង់ទីស្នាក់ការបក្ស និង សមិទ្ធផលនានានៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦ លោក វង សូត បានថ្លែងថា «តាមរយៈការផ្តល់ថវិកាជាច្រើនពីសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ខេត្តត្បូងឃ្មុំមានការរីកចម្រើន ជាបន្តបន្ទាប់ ក្នុងនោះសម្រាប់ការកសាងសមិទ្ធផលនានានៅតាមមូលដ្ឋានស្រុកពញាក្រែក បានទទួលការអភិវឌ្ឍន៍ជាបន្តបន្ទាប់ផងដែរ ក្នុងគោលដៅជំរុញធ្វើយ៉ាងណាឲ្យស្រុកជាប់ព្រំដែនមួយនេះ មានការរីកចម្រើនទាំងអាណាចក្រ និងពុទ្ធចក្រ ដើម្បីជាប្រយោជន៍រួមរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន»។
សូមបញ្ជាក់ថា ខេត្តត្បូងឃ្មុំ ដែលជាខេត្តទើបបង្កើតឡើងក្រោយគេនៅកម្ពុជា បាននិងកំពុងធ្វើកសាងនូវហេដ្ឋារចនាសម្ព័ន្ធនានា ជាច្រើន ទាំងក្នុងវិស័យអាណាចក្រ និងពុទ្ធចក្រ តាមរយៈក្រុមការងារទាំងក្នុងក្របខណ្ឌរាជរដ្ឋាភិបាល និង ក្របខណ្ឌបក្ស ដែលមានសម្តេច ហេង សំរិន ជាប្រធានក្រុម ការងារនៅក្នុងខេត្តមួយនេះ។
ក្រៅសមិទ្ធផលជាច្រើនបានលេចចេញជារូបរៀងហើយនោះ ព្រះវិហារនៅក្នុងវត្តជម្ពូសុវណ្ណ ហៅវត្តត្រពាំងព្រីង ស្ថិតនៅក្នុងឃុំត្រពាំងថ្លុង ក៏កំពុងចាប់ផ្តើមសាងសង់ឡើងវិញផងដែរ ព្រោះទីអារាម គឺជាទីសក្ការៈបូជា និងប្រណិប័តន៍សាសនារបស់ប្រជាពុទ្ធ បរិស័ទ។
លោក វង សូត កាលពីម្សិលមិញនេះ ក៏បានអញ្ជើញចុះពិនិត្យមើលការសាងសង់អគារទីស្នាក់ការបក្ស ស្ថិតនៅក្នុងឃុំកោកាង ដោយមកដល់ពេលនេះ បានស្ថាបនាជាង ៧០% ហើយគ្រោងជំរុញការសាងសង់ឲ្យបានចប់ស្ថាពរនៅចុងខែមករា ឆ្នាំ២០១៦។
ទាក់ទិនគម្រោងអភិវឌ្ឍន៍នេះ លោក វង សូត បានលើកឡើងថា ការខិតខំរបស់ក្រុមការងារ ក៏ដូចជាតំណាងគណបក្សប្រជាជនទាំងមូលធ្វើយ៉ាងណាជំរុញការបង្កើតទីស្នាក់ការបក្សឲ្យទាន់ពេលវេលា និងឲ្យបានគ្រប់ទីកន្លែង ដើម្បីឲ្យមន្រ្តីតាមមូលដ្ឋានមានកន្លែងធ្វើការសមរម្យ និង មានភាពងាយស្រួលក្នុងការបំពេញការងារបម្រើប្រជាជនប្រកបដោយប្រសិទ្ធភាពខ្ពស់៕