(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគគ្គស្នងការនគរបាលជាតិ បានចេញសេចក្ដីណែនាំមួយទៅគ្រប់នាយកដ្ឋាន-អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត នូវវិធានការបង្ការ ការឆ្លងរីករាលដាលវីរុសកូវីដ១៩ សំដៅការពារដល់សុខមាលភាពមន្ដ្រីនគរបាលជាតិ។

តាមសេចក្ដីណែនាំដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន បានដាក់ចេញនូវវិធានការ និងការណែនាំចំនួន ៧ចំណុច ដើម្បីគ្រប់នាយកដ្ឋាន-អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវអនុវត្ត។

ក្នុងនោះ នាយឧត្តមសេនីយ៍ នេត សាវឿន បានកត់សម្គាល់ថា គម្រោង ឬកម្មវិធីមួយចំនួនដែលមិនមានភាពចាំបាច់ចំពោះមុខនោះ ត្រូវលើកសំណើសុំគោលការណ៍ ដើម្បីផ្អាកការអនុវត្ត ឬការចូលរួមជាបណ្ដោះអាសន្ន។ ករណីមន្ដ្រីដែលមានសមត្ថកិច្ច ក្នុងការពិនិត្យ និងសម្រេចលើការងារប្រចាំថ្ងៃ ដែលមានបញ្ហាសុខភាពពាក់ព័ន្ធកូវីដ១៩ សាមីអង្គភាពត្រូវរៀបចំយន្ដការបំពេញការងារ សំដៅជៀសវាងការកកស្ទះការងារ។

សូមជម្រាបថា គិតត្រឹមរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ អ្នកឆ្លងជំងឺកូវីដ១៩ នៅកម្ពុជា សរុបចំនួន ៣៥នាក់នោះរួមមាន៖

ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ)
ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប
ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៦៖ បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៧៖ បុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៨៖ បុរសជនជាតិបារាំង អាយុ៣៥ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៩៖ ទារកជនជាតិបារាំង អាយុ៤ខែ នៅរាជធានីភ្នំពេញ
ទី១០៖ បុរសជនជាតិខ្មែរ នៅរាជធានីភ្នំពេញ
ទី១១៖ បុរសជនជាតិខ្មែរ នៅខេត្តព្រះវិហារ អាយុ៣៥ឆ្នាំ នៅខេត្តព្រះវិហារ
ទី១២៖ បុរសជនជាតិខ្មែរ អាយុ៣៩ឆ្នាំ នៅខេត្តព្រះវិហារ
ទី១៣៖ បុរសជនជាតិខ្មែរ នៅក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ
ទី១៤៖ បុរសជនជាតិខ្មែរ មកពីប្រទេសថៃ នៅភូមិព្រៃឫស្សី ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ
ទី១៥, ទី១៦៖ បុរសខ្មែរឥស្លាម ២នាក់ (អាយុ ៦៣ឆ្នាំ និង៦៤ឆ្នាំ) នៅព្រែកប្រា
ទី១៧, ១៨, ១៩, ២០៖ បុរសជនជាតិខ្មែរ (អាយុចន្លោះពី ៣៨ឆ្នាំ ដល់ ៤៥ឆ្នាំ) នៅក្នុងខេត្តបាត់ដំបង
ទី២១៖ បុរសជនជាតិខ្មែរ អាយុ ៣០ឆ្នាំ នៅក្នុងខេត្តកំពត បច្ចុប្បន្នដាក់ព្យាបាលនៅមន្ទីរពេទ្យខេត្តកែប
ទី២២៖ បុរសជនជាតិខ្មែរ អាយុ ៦១ឆ្នាំ នៅខេត្តត្បូងឃ្មុំ បច្ចុប្បន្នដាក់ក្នុងមន្ទីរពេទ្យខេត្តនៅពញាក្រែក
ទី២៣៖ បុរសជនជាតិខ្មែរ អាយុ ៧៥ឆ្នាំ នៅខេត្តកំពង់ឆ្នាំង ត្រូវបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង
ទី២៤៖ បុរសជនជាតិខ្មែរ អាយុ ២៨ឆ្នាំ នៅខេត្តកំពង់ឆ្នាំង ត្រូវបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង
ទី២៥៖ បុរសជនជាតិខ្មែរ អាយុ៤០ឆ្នាំ នៅខេត្តសៀមរាប
ទី២៦ និង២៧៖ បុរសជនជាតិខ្មែរ ២នាក់នៅរាជធានីភ្នំពេញ
ទី២៨៖ បុរសជនជាតិខ្មែរ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង អាយុ៣៦ឆ្នាំ
ទី២៩, ៣០ និង៣១៖ ជនជាតិម៉ាឡេស៊ី៣នាក់ នៅខេត្តកែប
ទី៣២៖ បុរសជនជាតិខ្មែរ នៅខេត្តកោះកុង
ទី៣៣៖ បុរសជនជាតិខ្មែរ នៅខេត្តត្បូងឃ្មុំ អាយុ៥៣ឆ្នាំ។
ទី៣៤៖ ជនជាតិម៉ាឡេស៊ី
ទី៣៥៖ ជនជាតិម៉ាឡេស៊ី៕