(កណ្ដាល)៖ រាល់ការលំបាកនានា ឬក៏ការទទួលមរណកាលណាមួយ កើតឡើងចំពោះនគរបាលខេត្តកណ្ដាល លោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ដ ស្នងការខេត្ដកណ្ដាល តែងតែឲ្យកម្លាំងចុះជួយ ឫចូលរួមមរណៈទុក្ខ ឬផ្ដល់ជំនួយក្នុងនាមកងកម្លាំងនគរបាលជាតិដូចគ្នា ។
ជាក់ស្ដែងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ គណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលខេត្តកណ្តាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី លុយ ធៀម ស្នងការរង តំណាងលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត និងមន្ត្រីនគរបាលជាច្រើននាក់ផ្សេងទៀត សរុបជាង៨០នាក់ ប្រគល់ថវិកាសមាគមមិត្តនគរបាល ជូនគ្រួសារនៃសពមន្ត្រីនគរបាល១រូប ។
លោកឧត្តមសេនីយ៍ត្រី លុយ ធៀម បានឲ្យដឹងថា ថវិកាដែលគណៈកម្មាធិការមូលដ្ឋាន សមាគមមិត្តនគរបាលខេត្តកណ្តាល ប្រគល់ជូនគ្រួសារនៃសពមន្ត្រីចំនួន១រូប គឺសពលោកអនុសេនីយ៍ទោ សាត សារិន អត្តលេខ៥១០៧៧ ជាមន្ត្រីនគរបាលការពារព្រំដែនប៉ុស្តិ៍ព្រែកជ្រៃ វរៈ៦០៥ នៅក្នុងវត្តព្រែកជ្រៃ ឃុំព្រែកជ្រៃ ស្រុកកោះធំ នូវថវិការបស់លោកឧត្តមសេនីយ៍ត្រីឈឿន សុចិត្ត ចំនួន២លានរៀល និងថវិកាសមាគមចំនួន៥លាន ៥សែនរៀល ដែលសរុបមានចំនួនចំនួន៧លាន៥សែនរៀល។
ក្នុងគ្រា ជាមួយគ្នានោះដែរ ក្រុមគ្រួសារសព បានសម្ដែងគារវកិច្ច និងថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅ ចំពោះឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ដ ស្នងការនគរបាល ខេត្ដកណ្ដាល, លោកស្នងការរង ក៏ដូចប្រតិភូទាំងអស់ ដែលបានចំណាយពេលដ៏មានតម្លៃ និងសមាណចិត្តជ្រះថ្លា ចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារ របស់ពួកគាត់ផងដែរ ។
កាយវិការមនុស្សធម៍នេះ ត្រូវបានក្រុមមន្ត្រីនគរបាលខេត្តកណ្ដាលទាំងអស់ បានសំដែងការរំភើបចេញពីចិត្ត ដែលបានឃើញថ្នាក់ដឹកនាំ, គិតគូរ, ជួយ, យកចិត្តទុកដាក់ និងស្រលាញ់កូនចៅ ថ្នាក់ក្រោមយ៉ាងដូច្នេះ៕