(ញ៉ូវដេលី)៖ មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលឥណ្ឌា បានថ្លែងប្រាប់ CNN នៅរសៀលថ្ងៃសៅរ៍ ទី០២ ខែមករា ឆ្នាំ២០១៦នេះថា ករណីបាញ់ប្រហារសំណាក់ក្រុមខ្មាន់កាំភ្លើងនៅមូលដ្ឋានទ័ពអាកាសឥណ្ឌា មានមនុស្ស ៧នាក់បានស្លាប់ ក្នុងនោះមានជនស៊ីវិលម្នាក់។
បើតាមសំដីរបស់មន្ត្រីជាន់ខ្ពស់បានឲ្យដឹងថា ក្រុមខ្មាន់កាំភ្លើងបានបើកការវាយប្រហារចូលមូលដ្ឋានទ័ពអាកាស Pathankot ស្ថិតនៅភាគពាយ័ព្យនៃរដ្ឋ Punjab ជិតព្រំដែនឥណ្ឌា ដែលបណ្ដាលឲ្យមនុស្ស ៧នាក់ស្លាប់ ក្នុងនោះមានខ្មាន់កាំភ្លើង ៤នាក់, កម្លាំងយោធា ២នាក់ និងជនស៊ីវិលម្នាក់។
លោក Dhananjay Mohanty អ្នកនាំពាក្យរបស់ក្រសួងការពារជាតិឥណ្ឌា បានថ្លែងឲ្យដឹងថា កងកម្លាំងរបស់ឥណ្ឌា ស្ទាក់ចាប់បានក្រុមខ្មាន់កាំភ្លើង នៅមុនពេលពួកគេបើកការវាយប្រហារលក្ខណៈទ្រង់ទ្រាយធំ ព្រមទាំងគ្រង់គ្រងស្ថានការបាន។
គួរបញ្ជាក់ផងដែរថា គិតមកដល់ពេលនេះ នៅមិនទាន់មានក្រុមណាមួយចេញមុខទទួលស្គាល់ថា ជាទង្វើរបស់ខ្លួនឡើយ៕