(ភ្នំពេញ)៖ លោកស្រី ឱ វណ្ឌឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានថ្លែងអះអាងថា មកទល់នឹងពេលនេះ បុរសជនជាតិខ្មែរ នៅខេត្ដសៀមរាប ដែលឆ្លងកូវីដ១៩ ពីជនជាតិជប៉ុន មានសុខភាពល្អធម្មតា ហើយវីរុសនោះបានថយចុះជាបណ្ដើរ ហើយនឹងជាសះស្បើយនៅពេលខាងមុខនេះ។
ការប្រកាសរបស់អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានធ្វើឡើងនៅក្នុងសន្និសីទកាសែត ស្ដីពី «បច្ចុប្បន្នភាពជំងឺរលាកសួត បង្កដោយវីរុសកូវីដ១៩» និង «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្ដីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ។
លោកស្រី ឱ វណ្ណឌីន បានថ្លែងបន្ដថា «បុរសជនជាតិខ្មែរអាយុ ៣៨ឆ្នាំ ដែលបានឆ្លងវីរុស COVID-19 ពីបុរសជនជាតិជប៉ុន និងបានកំពុងទទួលការព្យាបាលនៅបន្ទប់ដាច់ដោយឡែក នៅក្នុងមន្ទីរពេទ្យខេត្ដសៀមរាប មានសុខភាពរឹងមាំធម្មតា មិនមានបញ្ហាអ្វីប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរនោះទេ។ តាមការពិនិត្យសុខភាពជាប្រចាំ ចំនួនវីរុសក្នុងខ្លួនរបស់គាត់បានថយចុះជាបណ្ដើរហើយ ដូច្នេះ យើងសង្ឃឹមថា សុខភាពគាត់ នឹងវិវឌ្ឍទៅកាន់ភាពល្អប្រសើរ និងជាសះស្បើយក្នុងពេលខាងមុខ»។
ក្នុងឱកាសនោះ លោកស្រី ឱ វណ្ណឌីន បន្ដទទូចដល់ប្រជាពលរដ្ឋ រួមទាំងអាជ្ញាធរ និងមន្ដ្រីស្ថាប័នពាក់ព័ន្ធទាំងអស់ ធ្វើការរួមគ្នា ដោយបុគ្គលម្នាក់ៗត្រូវតែអនុវត្ដវិធានការការពារទប់ស្កាត់ឆ្លងវីកូវីដ១៩ និងប្រកាន់ភ្ជាប់នូវការអនាម័យជាប់ជានិច្ច និងបន្ដតាមដានសុខភាពខ្លួនផងដែរ បើមានភាពមិនប្រក្រតី ប្រញាប់អញ្ជើញទៅកាន់មន្ទីរពេទ្យរដ្ឋទូទាំងប្រទេស ឬទំនាក់ទំនងតាមប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍១១៥ របស់ក្រសួងសុខាភិបាល ។
លោកស្រីបានបញ្ជាក់ថា បច្ចុប្បន្ននេះ អ្នកដែលផ្ទុក ឬឆ្លងវីរុសកូវីដ១៩ កំពុងតែដាក់ដាច់ដោយឡែក ហើយពិនិត្យព្យាបាលនៅតាមមន្ទីរពេទ្យនានា ទៅតាមទីតាំងដែលក្រសួង បានចាត់ចែងរៀបចំជាមុនរួចទៅហើយនោះ នៅគ្រប់មន្ទីរពេទ្យរាជធានីខេត្ដទាំង២៥ខេត្ដក្រុង។ សម្រាប់ អ្នកដែលរកឃើញឆ្លងជំងឺកូវីដនោះ រួមមាន នៅរាជធានីភ្នំពេញ, ខេត្តព្រះវិហារ, បន្ទាយមានជ័យ, បាត់ដំបង, កំពត, ត្បូងឃ្មុំ, កំពង់ឆ្នាំង, កោះកុង និងខេត្តកែបជាដើម។
អ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣៥នាក់នោះរួមមាន៖
ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ)
ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប
ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៦៖ បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៧៖ បុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៨៖ បុរសជនជាតិបារាំង អាយុ៣៥ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៩៖ ទារកជនជាតិបារាំង អាយុ៤ខែ នៅរាជធានីភ្នំពេញ
ទី១០៖ បុរសជនជាតិខ្មែរ នៅរាជធានីភ្នំពេញ
ទី១១៖ បុរសជនជាតិខ្មែរ នៅខេត្តព្រះវិហារ អាយុ៣៥ឆ្នាំ នៅខេត្តព្រះវិហារ
ទី១២៖ បុរសជនជាតិខ្មែរ អាយុ៣៩ឆ្នាំ នៅខេត្តព្រះវិហារ។
ទី១៣៖ បុរសជនជាតិខ្មែរ នៅក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ
ទី១៤៖ បុរសជនជាតិខ្មែរ មកពីប្រទេសថៃ នៅភូមិព្រៃឫស្សី ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ
ទី១៥, ទី១៦៖ បុរសជនជាតិខ្មែរ ២នាក់ (អាយុ ៦៣ឆ្នាំ និង៦៤ឆ្នាំ) នៅព្រែកប្រា
ទី១៧, ១៨, ១៩, ២០៖ បុរសជនជាតិខ្មែរ (អាយុចន្លោះពី ៣៨ឆ្នាំ ដល់ ៤៥ឆ្នាំ) នៅក្នុងខេត្តបាត់ដំបង
ទី២១៖ បុរសជនជាតិខ្មែរ អាយុ ៣០ឆ្នាំ នៅក្នុងខេត្តកំពត បច្ចុប្បន្នដាក់ព្យាបាលនៅមន្ទីរពេទ្យខេត្តកែប
ទី២២៖ បុរសជនជាតិខ្មែរ អាយុ ៦១ឆ្នាំ នៅខេត្តត្បូងឃ្មុំ បច្ចុប្បន្នដាក់ក្នុងមន្ទីរពេទ្យខេត្តនៅពញាក្រែក
ទី២៣៖ បុរសជនជាតិខ្មែរ អាយុ ៧៥ឆ្នាំ នៅខេត្តកំពង់ឆ្នាំ ត្រូវបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។
ទី២៤៖ បុរសជនជាតិខ្មែរ អាយុ ២៨ឆ្នាំ នៅខេត្តកំពង់ឆ្នាំ ត្រូវបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។
ទី២៥៖ បុរសជនជាតិខ្មែរ អាយុ៤០ឆ្នាំ នៅខេត្តសៀមរាប
ទី២៦ និង២៧៖ បុរសជនជាតិខ្មែរ ២នាក់នៅរាជធានីភ្នំពេញ
ទី២៨៖ បុរសជនជាតិខ្មែរ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង អាយុ៣៦ឆ្នាំ
ទី២៩, ៣០ និង៣១៖ ជនជាតិម៉ាឡេស៊ី៣នាក់ នៅខេត្តកែប
ទី៣២៖ បុរសជនជាតិខ្មែរ នៅខេត្តកោះកុង
ទី៣៣៖ បុរសជនជាតិខ្មែរ នៅខេត្តត្បូងឃ្មុំ អាយុ៥៣ឆ្នាំ។
ទី៣៤៖ ជនជាតិម៉ាឡេស៊ី
ទី៣៥៖ ជនជាតិម៉ាឡេស៊ី៕