(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ បានដឹកនាំកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្ត ចូលរួមគោរពដាក់កម្រងផ្កា វិញ្ញាណក្ខន្ធសព និងបំពាក់ឋានន្តរស័ក្តិជាកិច្ចបច្ឆាមរណៈ ជូនសពលោកវរសេនីយ៍ត្រី កែវ ណារិន អត្តលេខ៤៨២៩៣ មន្ត្រីផ្នែកសណ្ដាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលក្រុងកំពង់ចាម។

លោកវរសេនីយ៍ត្រី កែវ ណារិន បានទទួលមរណៈភាព នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ក្នុងជន្មាយុ៥២ឆ្នាំ (ដោយរងរបួសរលាកពេញខ្លួនធ្ងន់ធ្ងរ ក្នុងករណីអគ្គីភ័យឆេះផ្ទះផ្ទាល់ខ្លួន) កាលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០។ បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យ តាមប្រពៃណីនៅគេហដ្ឋានសព នៅភូមិស្វាយជ្រុំ ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា។

ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ទោ ឯម កុសល បាននាំយកនូវថវិកា ចំនួន៣លានរៀល អង្ករ០១បេ ទឹកក្រូច០២កេស ទឹកសុទ្ធ២កេស និងមី០២កេស ដែលជាអំណោយរបស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ថវិកាទាំងនេះបានប្រគល់ជូនគ្រួសារ នៃសព ដើម្បីចាត់ចែងធ្វើបុណ្យ តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា និងបានឧបត្ថម្ថថវិកាមួយចំនួន ជូនប្រជាពលរដ្ឋមួយគ្រួសារទៀត ដែលរងគ្រោះអគ្គីភ័យឆាប់ឆេះផ្ទះ ស្របពេលជាមួយ ភ្លើងឆាប់ឆេះផ្ទះសពលោក កែវ ណារិន នោះផងដែរ។

ក្នុងឱកាសនោះ ក្រុមគ្រួសារសព បានថ្លែងអំណរគុណដល់ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន និងលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ដកំពង់ចាម និងសហការី ដែលតែងតែយកចិត្តទុកដាក់ដល់មន្ត្រីក្រោមឱវាទ និងសូមជូនពរជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ផងដែលថា កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ស្នងការ បានចាត់ឲ្យសហការី នាំយកថវិកាចំនួន៦លាន និងគ្រឿងឧបភោគបរិភោគមួយចំនួន ទៅសួរសុខទុក្ខលោក កែវ ណារិន ដែលសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យព្រះកុសុមៈ ម្ដងរួចមកហើយដែរ៕