(ភ្នំពេញ)៖ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានបង្ហោះឲ្យដឹងនៅលើបណ្តាញសង្គម Facebook នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៦ថា លោកនឹងឆ្លើយបំភ្លឺទៅឆ្លើយសំណួររបស់តុលាការ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦ ទាក់ទងទៅនឹងការចោទប្រកាន់ថា លោកបានបរិហារកេរ្តិ៍ សម្តេច ហេង សំរិន តាមរយៈបណ្តាញសង្គម Facebook គឺតាមរយៈប្រព័ន្ធអ៉ីនធើណេត Skype ។
យោងតាម Facebook របស់លោក សម រង្ស៊ី ដដែលបានឲ្យដឹងបន្ថែមទៀតថា «ដើម្បីជៀសវាងកុំឲ្យចំណាយពេល និងសោហ៊ុយច្រើន ខ្ញុំអាច ឆ្លើយរាល់សំណួររបស់តុលាការ តាមរយៈប្រព័ន្ធអ៊ីនធើណេតនេះដែរ ដែលក្នុងនោះ យើងអាចប្រើប្រព័ន្ធទំនាក់ទំនង Skype» ។ តែមុននឹងឆ្លើយសំណួរពីលោកចៅក្រម ខ្ញុំមានសំណួរមួយដាក់ទៅលោកចៅក្រមថា ៖ «តើលោក ហេង សំរិន ប្តឹងខ្ញុំក្នុងឋានៈ ឬមុខងារលោកជាអ្វី ពីព្រោះក្នុងអត្ថបទ និងការអត្ថាធិប្បាយទាំងអស់ដែលខ្ញុំបានបង្ហោះលើទំព័រហ្វេសប៊ុក របស់ខ្ញុំ ខ្ញុំមិនដែលចេញឈ្មោះលោក ហេង សំរិន ម្តងណាសោះ។ តែមានវីដេអូមួយ ខ្ញុំបានបង្ហោះដែលក្នុងនោះសម្តេចព្រះនរោត្តម សីហនុ ទេ ដែលព្រះអង្គថ្កោលទោសលោក ហេង សំរិន ថាបម្រើផលប្រយោជន៍យួន»។
គួររំលឹកឲ្យដឹងថា កាលពីដើមខែធ្នូ ឆ្នាំ២០១៥ សាលាដំបូងរាជធានីភ្នំពេញ បានកោះហៅលោក សម រង្ស៊ី ឲ្យចូលឆ្លើយបំភ្លឺនៅតុលាការតាមបណ្ដឹងរបស់សម្តេច ហេង សំរិន ពីរឿងដែលលោក សម រង្ស៊ី បានសរសេរនៅលើទំព័រ Facebook កាលពីពេលថ្មីៗនេះថា របបដឹកនាំរបស់សម្តេចហេង សំរិន ធ្លាប់បានកាត់ទោសប្រហារជីវិតអតីតព្រះមហាក្សត្រខ្មែរ សម្ដេចព្រះ នរោត្តម សីហនុ ពីបទក្បត់ជាតិ។ ប៉ុន្តែលោក សម រង្ស៊ី មិនបានចូលបំភ្លឺតាមដីកាកោះរបស់តុលាការពេលនោះឡើយ៕