(ឧត្តរមានជ័យ)៖ នៅប៉ុន្មានថ្ងៃនេះ មានការចែកចាយសារសម្លេងអំពីការផ្ទុះ និងការរកឃើញ COVID-19 នៅក្នុងខេត្តឧត្តរមានជ័យ ដែលកំពុងធ្វើឲ្យមានការបារម្ភ និងភ័យខ្លាចដល់បងប្អូន ប្រជាពលរដ្ឋនៅទូទាំងខេត្ត។

ឆ្លើយតបនឹងព័ត៌មានមិនពិតខាងលើនេះ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានចេញសេចក្តីប្រកាសព័ត៌មានច្រានចោលទាំងស្រុងថា រហូតមកដល់ថ្ងៃនេះ សម្រាប់ខេត្តទាំងមូលមិនទាន់មានករណីឆ្លង COVID-19 លើពលរដ្ឋណាម្នាក់នោះទេ ដូច្នេះសូមប្រជាពលរដ្ឋជ្រាបជាព័ត៌មាន និងកុំមានការព្រួយបារម្ភ តែប្រកាន់ភ្ជាប់នូវវិធានការការពារខ្លួន ដូចដែលក្រសួង និងមន្ទីរ បានណែនាំជាប្រចាំ។

តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់មន្ទីរសុខាភិបាលខេត្ត ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា «គិតត្រឹមម៉ោង១០ព្រឹកថ្ងៃនេះ នៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ មិនទាន់មានការណីជំងឺកូវីដ១៩ទេ ដោយសារមុខសញ្ញាដែលមានការសង្ស័យ បានធ្វើរោគវិនិច្ឆ័យ ក៏ដូចជានាំយកសំណាកបញ្ជូនទៅវិភាគផងដែរ តែលទ្ធផលគឺអវិជ្ជមាន»

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ នៅក្នុងប្រទេសកម្ពុជាមានអ្នកឆ្លង COVID-19 ចំនួន ៣៥នាក់ហើយ ក្នុងនោះកើតនៅលើជនជាតិខ្មែរចំនួន ២២នាក់ តែមិនទាន់មានការចម្លង នៅតាមសហគមន៍នោះទេ៕

សូមអានសេចក្តីប្រកាសព័ត៌មានរបស់មន្ទីរសុខាភិបាលដូចខាងក្រោម៖