(ភ្នំពេញ)៖ លោក ទាវ សុធារ័ត្ន និងលោក សម នរៈសត្យា ដែលជានិស្សិតអាហារូបករណ៍សម្ដេចម្ចាស់ក្សត្រី សិរិនថន ទើបបញ្ចប់ការសិក្សា នៅសាកលវិទ្យាល័យមហាសារខាម នៃប្រទេសថៃ ផ្នែកគិលាននុដ្ឋាក (Nurs) បានប្រកាសថា ខ្លួនស្ម័គ្រចិត្តចូលរួមជាមួយក្រសួងសុខាភិបាល និងតាមការអំពាវនាវរបស់រដ្ឋមន្រ្តី ម៉ម ប៊ុនហេង ដើម្បីជួយព្យាបាលពលរដ្ឋខ្មែរ ដែលកំពុងតែរងការឆ្លងនៃ វីរុសកូវីដ១៩ នាពេលបច្ចុប្បន្ននេះ។
ផ្អែកតាមគណនី Facebook ឈ្មោះ Teav Sothearoth បានសរសេរបែបនេះថា «តបតាមស្ថានការណ៍បច្ចុប្បន្ន ខ្ញុំបាទឈ្មោះ ទាវ សុធារ័ត្ន និងមិត្តរួមថ្នាក់ឈ្មោះ សម នរៈសត្យា ជានិស្សិតអាហាររូបករណ៍សម្តេចម្ចាស់ក្សត្រី សិរិនថន ទើបបញ្ចប់ការសិក្សា នៅសាកលវិទ្យាល័យមហាសារខាមនៃប្រទេសថៃ ផ្នែកគិលាននុដ្ឋាក (Nurs) ដោយខ្ញុំបាទបានតាមដានព័ត៌មាន ពីករណីជម្ងឺឆ្លង Covid 19 ដែលកំពុងរីករាលដាល ក្នុងប្រទេសកម្ពុជាយើង ហើយក្រសួងសុខាភិបាល បាននិងកំពុងប្រកាសរកគ្រូពេទ្យស្ម័គ្រចិត្ត ដើម្បីប្រយុទ្ធប្រឆាំងជាមួយជម្ងឺនេះ ខ្ញុំបាទទាំងពីរនាក់មានឆន្ទៈស្ម័គ្រចិត្ត ចង់ចូលរួមនិងបម្រើជាតិ ក្នុងកាលៈទេសៈប្រទេសជាតិកំពុងប្រឈម និងត្រូវការ ដូច្នេះខ្ញុំបាទបានសម្រេចចិត្ត ចង់ចូលរួមប្រយុទ្ធនិងការពារប្រជាជនខ្មែរយើង ក៏ដូចជាប្រជាជនសកល ដែលកំពុងប្រឈមជាមួយជម្ងឺរាតត្បាតមួយនេះ បើក្រសួងសុខាភិបាលអនុញ្ញាតផ្តល់ឱកាសឲ្យ ខ្ញុំបាទបម្រើប្រជាជនក្នុងកាលៈទេសៈនេះ ខ្ញុំបាទពេញចិត្ត និងរីករាយបម្រើប្រជាជនកម្ពុជាយើង។ សូមអរគុណ»។
បន្ទាប់ពីមានការបង្ហាញឆន្ទៈ នៃការចង់ចូលរួមចំណែកជួយព្យាបាលពលរដ្ឋ ក្រសួងសុខាភិបាល បានធ្វើឲ្យមហាជនកោតសរសើរ និស្សិតទាំងពីររូបខាងលើនោះជាខ្លាំង៕