(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ បានប្រកាសច្រានចោលទាំងស្រុងចំពោះការចុះផ្សាយរបស់ក្រុមទុច្ចរិត ដែលបានផ្សាយព័ត៌មានមិនពិត និងក្លែងក្លាយតាមបណ្តាញសង្គម Facebook ថាសម្តេចពិជ័យបានជួបគ្រោះតាមឧទ្ធម្ភាគចក្រនៅក្នុងសមយុទ្ធនាគមារវាងកងទ័ពកម្ពុជា-ចិន ដែលធ្វើឲ្យមានការភាន់ច្រឡំ និងចេតនាអាក្រក់ ព្រមទំាងស្នើឲ្យសមត្ថកិច្ចចាត់វិធានការយ៉ាងតឹងរឹងបំផុតតាមផ្លូវច្បាប់។
តាមរយៈ Facebook នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ព័ត៌មានអំពីគ្រោះថ្នាក់របស់ខ្ញុំ ដែលបានផ្សព្វផ្សាយដោយ News Fast ជាព័ត៌មានមិនពិត មានគោលបំណងបង្កការភាន់ច្រឡំ និងចេតនាអាក្រក់ណាមួយ។ ខ្ញុំសុខសប្បាយជាធម្មតាទេ សូមបងប្អូនជ្រាបជាព័ត៌មាន»។
ការចុះផ្សាយនេះ គឺជាព័ត៌មានមិនពិតដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សារធារណៈ ដូច្នេះ សូមក្រសួងព័ត៌មានចាត់វិធានការទៅតាមផ្លូវច្បាប់ ជាធរមាន ចំពោះការលើកឡើងបែប ប្រមាថមាក់ងាយដល់ប្រមុខដឹកនាំក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ នេះជាការបញ្ជាក់បន្ថែមពី Facebook សម្តេច ទៀ បាញ់៕