(ភ្នំពេញ)៖ មន្រ្តីនគរបាលចរាចរណ៍ជាន់ខ្ពស់ បានអះអាងថា ទោះបីជាច្បាប់ចរាចរណ៍ថ្មី ត្រូវបានដាក់ឱ្យអនុវត្ត នៅក្នុងឆ្នាំ២០១៦នេះ ជាមួយនឹងវិធានការតឹងរឹងក៏ដោយ ប៉ុន្តែសម្រាប់អ្នកបើករថយន្តរបស់អ្នកដទៃ នៅតែអាចបើករថយន្តនោះបាន ដោយគ្មានការផាកពិន័យ ឬបន្ធូរបន្ថយ នៅពេលដែលពួកគេ មានលិខិតបញ្ជាក់ជាផ្លូវការ ពីអាជ្ញាធរមូលដ្ឋានរបស់ពួកគេ។
មាត្រា៥៥ នៃច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នឹងចាប់ផ្តើមអនុវត្តន៍ នៅដើមឆ្នាំ២០១៦ខាងមុខនេះ បានតម្រូវឲ្យអ្នកធ្វើដំណើរ តាមយានយន្តទាំងអស់ ត្រូវដាក់ឯកសារសំគាល់យានយន្តនោះ តាមខ្លួន ដែលមាត្រានេះ ហាក់ដាក់សម្ពាធដល់អ្នកប្រើប្រាស់ យានយន្តអ្នកដទៃ។
មាត្រានេះបានចែងថា៖ «គ្រប់យានយន្ត ឬរ៉ឺម៉កដែលកំពុងធ្វើ សកម្មភាពអាជីវកម្មដឹកជញ្ជូន ត្រូវមាន៖ ក-បណ្ណសម្គាល់យានយន្ត ឬ បណ្ណសម្គាល់រ៉ឺម៉ក និងស្លាកលេខ ខ-បណ្ណបើកបរត្រឹមត្រួវតាមប្រភេទយានយន្ត គ- វិញ្ញាបនបត្រត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្ត ឃ- លិខិតឲ្យអនុញ្ញាតឲ្យយានយន្ត ឬ រ៉ឺម៉កធ្វើអាជីវកម្ម ង- វិញ្ញាបនបត្រធានារ៉ាប់រង ចេញដោយក្រុមហ៊ុនធានារ៉ាប់រង ច- លិខិតអនុញ្ញាតផ្សេងទៀត ចេញដោយស្ថាប័ន មានសមត្ថកិច្ចពាក់ព័ន្ធ»។
មន្រ្តីនគរបាលចរាចរជាន់ខ្ពស់បានប្រាប់ Fresh News ឱ្យដឹងថា ពេលនេះនីតិវិធីមួយ សម្រាប់សម្រួលដល់ ប្រជាពលរដ្ឋ ដោយមិនបាច់ចាំដាក់ ឯកសារយានយន្ត នៅតាមខ្លួនឬរថយន្ត រហូតនោះទេ ប៉ុន្តែពួកគេត្រូវបំពេញបែបបទ ចម្លងឯកសារច្បាប់ដើម យានយន្តទាំងនោះ ដោយមានការទទួលស្គាល់ត្រឹមត្រូវ ពីអាជ្ញាធរ និងសមត្ថកិច្ច។
ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីដែលមាន១១ជំពូក និង៩២មាត្រា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៦តទៅ។ ច្បាប់នេះមានលក្ខណៈតឹងរឹង ជាងច្បាប់ចរាចរណ៍ចាស់ ហើយដាក់ទោសធ្ងន់ធ្ងរ ទៅនឹងអ្នកប្រព្រឹត្តល្មើស ក្នុងច្បាប់ចរាចរណ៍។ ច្បាប់នេះ ក៏តម្រូវឱ្យអ្នកបើកបរយានយន្តទាំងអស់ ធ្វើបណ្ណបើកបរគ្រប់ៗគ្នាផងដែរ។
កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឱ្យផ្អាកការធ្វើបណ្ណបើកបរ ជូនប្រជាពលរដ្ឋ ជាបណ្តោះអាសន្នសិន ហើយបញ្ជាឱ្យក្រសួងពាក់ព័ន្ធធ្វើការពិភាក្សាបញ្ចុះតម្លៃ បណ្ណបើកបរជូនប្រជាពលរដ្ឋ។
មន្រ្តីនគរបាលជាន់ខ្ពស់ បានឱ្យដឹងថា ចំពោះរឿងបណ្ណបើកបរនេះ នគរបាលចរាចរណ៍ នឹងមិនមានការផាកពិន័យនោះទេ ដោយសារតែរាជរដ្ឋាភិបាល កំពុងពិភាក្សាសម្រួលតម្លៃជាថ្មី ហើយពេលវេលានៃការសម្រេចនេះ អាចនឹងមានការពន្យាពេល រហូតដល់៣ខែផងដែរ៕
លិខិតគំរូ ដែលបានបញ្ជាក់ពីអាជ្ញាធរ៖