(ភ្នំពេញ)៖ កម្លាំងមន្ទីរប្រឆាំងគ្រឿងញឿន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ក្រាបករណីជួញករណីរក្សាទុក ជួញដូរគ្រឿងញៀន នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យ២នាក់ ជាមួយថ្នាំញៀនជាង១គីឡូក្រាម។
មន្ត្រីនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះថា ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ នៅម៉ោង៤៖៣០នាទីរសៀល នៅចំណុចបន្ទប់ជួលលេខ០៤ ផ្លូវបេតុង សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
កំលាំងជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៦) ដឹកនាំដោយលោក ដាំ ឈឿន នាយករងមន្ទីរប្រឆាំងគ្រឿងញៀន និងមានការសំរបសំរួលពីលោក សឿន មុន្នីរ័ត្ន ព្រះរាជអាជ្ញារង និងក្រឡាបញ្ជី លោក ឡេង ណាង បានដំណើរការបើកកិច្ចប្រតិបត្តិការស្រាវជ្រាវ បង្ក្រាបករណី រក្សាទុកជូញដូរគ្រឿងញៀនខុសច្បាប់ ឃាត់ខ្លួនសង្ស័យ០២នាក់៖ ឈ្មោះ ចុង សំអុល ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ ឡេ ធីចិន ភេទស្រីអាយុ៣៨ឆ្នាំ ជនជាតិវៀតណាម (ជាប្រពន្ធ)។
ប្រតិបត្តិការនេះ បានចាប់យកវត្ថុតាងជាសារធាតុញៀន ប្រភេទម៉េតំហ្វេតាមីន (ICE) ទម្ងន់១០២៥.៥៦ក្រាម៕