(ភ្នំពេញ)៖ និយ័តករទូរគមនាគមន៍ បានចេញសេចក្តីណែនាំឲ្យក្រុមហ៊ុនទូរស័ព្ទចល័ត អចល័ត និងទូរគមនាគមន៍កម្ពុជា ពង្រឹងការផ្តល់សេវាទូរគមនាគមន៍ ឆ្លើយតបទៅនឹងការកើតឡើងនៃជំងឺ ដែលបង្កពីវីរុស COVID-19។ នេះបើតាមសេចក្តីណែនាំ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ។
ក្នុងស្មារតីទទួលខុសត្រូវ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល និយ័តករទូរគមនាគន៍កម្ពុជា សូមណែនាំដល់ប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័ត អចល័ត និងអ៉ិនធឺណិត ដូចតទៅ៖
១៖ ចំពោះប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័ត អចល័ត និងទូរគមនាគមន៍កម្ពុជាត្រូវ៖
* ពិនិត្យ និងធានាថាគ្រប់អ្នកប្រើប្រាស់ទូរស័ព្ទចល័ត អចល័តទាំងអស់ អាចហៅចេញដោយឥតគិតថ្លៃទៅកាន់ លេខ១១៥ គ្រប់ពេល គ្រប់ទីកន្លែងដោយមានសេវាទូរស័ព្ទ ទោះបីមាន ឬពុំមានទឹកប្រាក់ក្នុងគណនី។
* បន្តតាមដានត្រាហ្វិកនៃការហៅទូរស័ព្ទទៅកាន់លេខ ១១៥ និងការតភ្ជាប់ទៅការីឆ្លើយតបព័ត៌មានបន្ទាន់របស់ក្រសួងសុខាភិបាល។ ករណីសង្កេតឃើញការកើនឡើងនៃត្រាហ្វិកប្រើប្រាស់ឈានដល់ ៧០ភាគរយ នៃសមត្ថភាព Trunk សម្រាប់តភ្ជាប់លេខ ១១៥ ប្រតិបត្តិកត្រូវចាត់វិធានការភ្លាម ដើម្បីពង្រីកសមត្ថភាពតភ្ជាប់ ចៀសវាងការរាំងស្ទះ ឬរអាក់រអួលបច្ចេកទេសនៃការផ្តល់សេវា។
* ចាត់ឲ្យមានជនបង្គោលទទួលខុសត្រូវ ដើម្បីត្រៀមគាំទ្រ និងសម្របសម្រួលផ្នែកបច្ចេកទេសជាពិសេស សម្រាប់ដំណើរការលេខ ១១៥ ជាមួយនិយ័តករទូរគមនាគមន៍កម្ពុជា និងទូរគមនាគមន៍កម្ពុជា។
២៖ ចំពោះប្រតិបត្តិករផ្តល់សេវាទូរស័ព្ទ និងអ៉ិនធឺណិតត្រូវ៖
* បង្កើនការតាមដាន KPI (Key Performance Indicator) របស់ស្ថានីយផ្សាយវា (BTS/NodeB/eNodeB) និងបណ្តាញតភ្ជាប់ក្នុងអំឡុងពេលនេះ ដែលអាចមានការកើនឡើង ការប្រើប្រាស់សេវាទូរស័ព្ទ និងអ៉ិនធឺណិត ព្រមទាំងត្រូវពង្រឹងគុណភាពសេវា និងពង្រឹកសមត្ថភាពនៃស្ថានីយផ្សាយសេវា និងបណ្តញតភ្ជាប់ ចៀសវាងការកាត់ផ្តាច់ ឬការរាំងស្ទះជាយថាហេតុ។
* រៀបចំ ត្រួតពិនិត្យ និងបង្កើនសមត្ថភាពប្រព័ន្ធផ្ទុកភ្លើង (Power Bank) និងដំឡើងម៉ាស៊ីនភ្លើង និងប្រព័ន្ធពន្លឺព្រះអាទិត្យនៅតាមស្ថានីយផ្សាយសេវានីមួយៗ និងមជ្ឈមណ្ឌលគ្រប់គ្រងបណ្តាញ ជាប្រភពផ្គត់ផ្គង់អគ្គិសនីបន្ថែម ដើម្បីធានាប្រសិទ្ធភាព និងនិរន្តរភាពនៃការផ្តល់សេវា៕