(ភ្នំពេញ)៖ ផលិតកម្ម LD Picture កំពុងតែត្រៀមប្ដឹង ក្រុមហ៊ុនទូរទស្សន៍ខ្សែកាបមួយ ដែលបានរំលោភកម្មសិទ្ធិបញ្ញា យករឿង «អ្នកលេងជើងខ្វេរ» ទៅបញ្ចាំងក្នុង ស្ថានីយទូរទស្សន៍របស់ខ្លួន ដោយគ្មានការអនុញ្ញាត និងស្នើសុំសិទ្ធិបញ្ចាំងត្រឹមត្រូវនោះឡើយ ។ ផលិតកម្ម LD បានរកឃើញថា ស្ថានីយទូរទស្សន៍ខ្សែកាបខាងលើ បានបញ្ចាំងរឿង «អ្នកលេងជើងខ្វេរ» រួចទៅហើយ កាលពីពេលថ្មីៗនេះ ហើយម្ចាស់ផលិតកម្ម បានទៅដល់ការិយាល័យសមត្ថកិច្ច ប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីប្ដឹងពីបញ្ហានេះ ជួយរកយុត្តិធម៌ ខណៈផលិតកម្មមិនអាចទទួលយក ការរំលោភកម្មសិទ្ធិបញ្ញា ពីសំណាក់ស្ថានីទូរទស្សន៍ខាងលើនេះ បានឡើយ។
លោក លៀក លីដា ជាផលិតករ និងជាចាងហ្វាងផលិតកម្ម LD Picture បានថ្លែងប្រាប់ Khmretalking ឲ្យដឹងនៅព្រឹកនេះ ថា ផលិតកម្ម បានធ្វើការព្រមានដល់ ស្ថានីយទូរទស្សន៍ខ្សែកាបខាងលើ ឲ្យបញ្ឈប់ការដាក់បញ្ចាំងភាពយន្ត «អ្នកលេងជើងខ្វេរ» ជាបន្ទាន់ ប៉ុន្តែស្ថានីយទូរទស្សន៍ ខាងលើមិនព្រមស្ដាប់ ឬធ្វើតាមការស្នើសុំរបស់ ផលិតកម្មដែលជាម្ចាស់ដើមនោះទេ ។ ពេលនោះលោកបានទៅរកសមត្ថកិច្ច នៅការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ទាំងយប់ ដើម្បីជួយអន្តរាគមន៍ ប៉ុន្តែដោយចំថ្ងៃដែលសមត្ថកិច្ចសំរាក ទើបលោកត្រូវរង់ចាំដល់ថ្ងៃសមត្ថកិច្ច ចូលធ្វើការវិញ ចាំជួបគ្នាឲ្យភាគីខាងទូរទស្សន៍ ចូលខ្លួនដោះស្រាយ។
លោក លៀក លីដា និយាយថា «ខ្ញុំបានប្រាប់ពួកគេ កុំឲ្យបញ្ចាំង តែពួកគេមិនព្រមស្ដាប់ ខ្ញុំក៏មករកសមត្ថកិច្ចទាំងយប់ ប៉ុន្តែចំថ្ងៃឆ្លងឆ្នាំ សមត្ថកិច្ចសម្រាក ពេលនេះខ្ញុំកំពុងតែរងចាំសមត្ថកិច្ច កោះហៅភាគីម្ខាងទៀតមកចូលខ្លួនដោះស្រាយ ។ តែបើពួកគេនៅតែ មិនចូលខ្លួនដោះស្រាយ ខ្ញុំនឹងដាក់ពាក្យប្ដឹងសមត្ថកិច្ច តាមផ្លូវច្បាប់ ពីបទរំលោភ កម្មសិទ្ធិបញ្ញា ..»។
ចាងហ្វាងផលិតកម្មរូបនេះ ក៏បានបន្ថែមទៀតថា រឿងគេលួចយកស្នាដៃទៅដាក់បញ្ចាំង គឺជារឿងដែលលោកមិនអាចអន់ឱនបានឡើយ ព្រោះផលិតកម្ម LD ផលិតឡើង អស់ទុនរាប់ម៉ឺនដុល្លារ ហើយបែរជាយកទៅបញ្ចាំង ដោយគ្មានការអនុញ្ញាតបែបនេះ ជាការរំលោភសិទ្ធិផលិតកម្មធ្ងន់ធ្ងរ មិនអាចទទួលយកបានឡើយ៕