(ភ្នំពេញ)៖ បន្ថែមលើវិធានការដែលធនាគារជាតិនៃកម្ពុជា បានដាក់ចេញកាលពីពេលថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ បានដាក់ចេញនូវវិធានការគាំទ្រចំនួន៥ចំណុចបន្ថែមទៀត ដើម្បីផ្ដល់សន្ទនីយភាព (បង្កើនសាច់ប្រាក់ក្នុងដៃ) បន្ថែមដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សំដៅរួមចំណែកកាត់បន្ថយផលប៉ះពាល់ពីជំងឺ Covid-19 មកលើសេដ្ឋកិច្ចកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

វិធានការទាំង៥ចំណុចនេះរួមមាន៖

១៖ ពន្យារពេលឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរក្សាកម្រិតទ្រនាប់ដើមទុនខនស៊ើវេសិន (CCB) ត្រឹម៥០ភាគរយ។

២៖ កាត់បន្ថយអត្រាការប្រាក់អប្បបរិមា នៃប្រតិបត្តិការផ្ដល់សន្ទនីយភាព ដោយមានការធានា (LPCO) ចំនួន០.៥ភាគរយចំពោះគ្រប់ឥណទាន។

៣៖ កាត់បន្ថយអត្រាការប្រាក់ លើមូលបត្រអាចជួញដូរបាន (NCD) ចារឹកជារៀល និងជាដុល្លារអាមេរិក ក្នុងកម្រិតសមស្រប។

៤៖ កាត់បន្ថយអត្រាប្រាក់បម្រុងកាតព្វកិច្ច (RRR) ពី៨ភាគរយចំពោះប្រាក់រៀល និង១២.៥ភាគរយចំពោះរូបិយប័ណ្ណ មកត្រឹម៧ភាគរយទាំងចំពោះប្រាក់រៀល និងរូបិយប័ណ្ណ ក្នុងរយៈពេល៦ខែចាប់ពីខែមេសា ឆ្នាំ២០២០។

៥៖ កាត់បន្ថយកម្រិតអនុបាតក្របខ័ណ្ឌសន្ទនីយភាព (LCR) ក្នុងកម្រិតសមស្របតាមការចាំបាច់។

ធនាគារជាតិនៃកម្ពុជា បញ្ជាក់ទៀតថា ខ្លួននឹងបន្ដតាមដានយ៉ាងប្រុងប្រយ័ត្ន លើស្ថានភាពវឌ្ឍនភាពវិស័យធនាគារ, បញ្ហាប្រឈម និងហានិភ័យនានា ដែលអាចកើតឡើងជាយថាហេតុ ក្នុងគោលដៅរក្សានិរន្ដរភាព និងស្ថិរភាពនៃវិស័យធនាគារ និងហិរញ្ញវត្ថុ និងរួមចំណែកគាំទ្រកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព៕