(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ស្អែកនេះ នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «បច្ចុប្បន្នភាព ជំងឺរលាកសួត បង្កដោយវីរុសកូវីដ១៩» និង «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង» នៅសាលប្រជុំ B នៃទីស្ដីការគណៈរដ្ឋមន្ដ្រី។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។
ក្នុងសន្និសីទសារព័ត៌មាននេះ ក៏មានការអញ្ជើញជាវាគ្មិនពី លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងលោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង ដែលក្នុងនោះមានការសម្របសម្រួលពី លោក ផៃ ស៉ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។
សន្និសីទនេះ ធ្វើឡើងមានគោលបំណងដើម្បីបញ្ជាក់ជូនសាធារណជន ឲ្យបានជ្រាបច្បាស់ពីបច្ចុប្បន្នភាព និងវិធានការបង្ការជំងឺរលាកសួត ដែលបង្កឡើងវីរុសកូវីដ១៩ ដើម្បីលើកកម្ពស់កាន់ប្រយ័ត្នខ្ពស់ ក្នុងការការពារសុខភាពពីជំងឺឆ្លងនេះ៕