(ភ្នំពេញ)៖ មជ្ឈមណ្ឌលបច្ចេកវិទ្យាចេនទ្បាថ្មី ដែលមានទីតាំងនៅជាប់សាលមហោស្រពចេនទ្បា នឹងក្លាយជាទីតាំងប្រកបអាជីវកម្មថ្មីមួយ សម្រាប់អាជីវកររបស់ផ្សារ ឃ្លាំងរំសេវចាស់ ក្នុងការពង្រីកអាជីវកម្ម ទិញ-លក់ បោះដុំគ្រឿងបន្លាស់ ផ្គត់ផ្គង់គ្រឿងបរិក្ខារបច្ចេកវិទ្យាទូរស័ព្ទដៃ និងគ្រឿងអេឡិចត្រូនិកទូទៅ ដែលមានផាសុកភាព និងទំនើបទាន់សម័យដ៏ធំក្នុងទីក្រុងភ្នំពេញ នឹងបើកដំណើរការក្នុងពេលឆាប់ៗនេះ។
មជ្ឈមណ្ឌលបច្ចេកវិទ្យាចេនទ្បាថ្មី នឹងបើកដំណើការនៅក្នុងខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ ដោយបានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់អាជីវករផ្សារឃ្លាំងរំសេវ ហើយការចុះឈ្មោះបានបញ្ចប់ទៅប្រកបដោយភាពជោគជ័យខ្ពស់។ មជ្ឈមណ្ឌលនេះនឹងជំនួសឱ្យទីតាំងផ្សារឃ្លាំងរំសេវចាស់ ដែលធ្លាប់ជាទីតាំង មានប្រជាប្រិយភាព ខ្លាំងក្នុងការទិញ-លក់ និងផ្តល់ សេវាកម្មពាក់ព័ន្ធនឹងបច្ចេកវិទ្យាទូរស័ព្ទដៃ ព្រមទាំងគ្រឿងអេឡិចត្រូនិកទូទៅសម្រាប់ប្រជាជនកម្ពុជាគ្រប់ ស្រទាប់វណ្ណៈផងដែរ។
មជ្ឈមណ្ឌលបច្ចេកវិទ្យាចេនទ្បាថ្មីនេះ នឹងផ្តល់ឱ្យអាជីវករទាំងអស់ចូលធ្វើអាជីវកម្ម ដោយមិនគិតថ្លៃឈ្នូលតូប ១០០ភាគរយ រយៈពេលបីខែពេញ ចាប់ពីខែកក្កដា ឆ្នាំ២០២០តទៅ ដោយជឿជាក់យ៉ាងមុតមាំបំផុតថា មជ្ឈមណ្ឌលនេះនឹងអាចដឹកនាំអាជីវករផ្សារឃ្លាំងរំសេវទាំងអស់ ឈានទៅរកភាពជោគជ័យកាន់តែខ្លាំងទ្បើង ស្ថិតក្នុងបរិយាកាសល្អ ទំនើប និងប្រសើជាងមុន។
ដើម្បីបន្តលើកស្ទួយសេដ្ឋកិច្ចជាតិ និងជួយជ្រោមជ្រែងការពង្រីកអាជីវកម្ម របស់អាជីវករផ្សារឃ្លាំងរំសេវ និងអាជីវករដទៃទៀតក្នុងវិស័យនេះ មជ្ឈមណ្ឌល បច្ចេកវិទ្យា ចេនទ្បា ក៏បានចាប់ដៃគូជាមួយផ្សារទំនើបអូឡាំព្យា ក្នុងការបង្កើតគម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាទី២ ដែលកាន់តែឈានមុខ និងទំនើបជាងនេះទៀត ហើយនឹងមាន វត្តមាននៅក្នុងចុងឆ្នាំ២០២០ ខាងមុខនេះផងដែរ។ គម្រោងនេះនឹងផ្តល់អាទិភាពឱ្យអាជីវករផ្សារឃ្លាំងរំសេវ ដែលសហការណ៍ជាមួយក្រុមហ៊ុនក្នុងការពង្រីក អាជីវកម្មបន្ថែមទៀត។
គម្រោងនេះរំពឹងថានឹងអាចចូលរួមចំណែកបន្តអភិវឌ្ឍ និងពង្រីកវិស័យទីផ្សារផ្នែកបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា ឱ្យកាន់តែមានភាពសម្បូរបែបដូចទៅនឹងបណ្តា ប្រទេសជិតខាងក្នុងតំបន់ផងដែរ។ មជ្ឈមណ្ឌលបច្ចេកវិទ្យាចេនទ្បាថ្មីនេះ នឹងរួមបញ្ចូលគ្នាជាមួយការលក់ដូរគ្រឿងបរិក្ខារបច្ចេកវិទ្យា និងផ្គត់ផ្គង់សេវាកម្មគ្រប់ប្រភេទ ទាំងអស់រាប់រយមុខពាក់ព័ន្ធនឹងបច្ចេកវិទ្យា និងគ្រឿងអេទ្បិចត្រូនិកផងដែរ៕