(ព្រះវិហារ)៖ ដើម្បីសម្រួលដល់ការធ្វើដំណើរកំសាន្តរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ឱ្យមានលក្ខណៈងាយស្រួល មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានធ្វើការជួសជុលផ្លូវលំមួយខ្សែរ ចាប់ពីទីប្រជុំជនស្រុកសង្គមថ្មី ទៅកាន់ប្រាសាទព្រះខន័កំពង់ស្វាយ ស្ថិតក្នុងភូមិតាសែង ឃុំរណសិរ្យ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឱ្យដឹងថា ដោយបានការអនុញ្ញាតិពីលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ លោក គោសុំ ប៊ុនសឿត អភិបាលរងខេត្តព្រះវិហារ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ចុះធ្វើការត្រួតពិនិត្យសកម្មភាពជួសជុលផ្លូវលំមួយខ្សែរ ពីស្រុកសង្គមថ្មី ទៅកាន់ប្រាសាទព្រះខន័ នេះផ្ទាល់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។
លោក សំ លាងទ្រី បានថ្លែងទៀតថា ផ្លូវលំមួយខ្សែរដែលកំពុងធ្វើការជួសជុលនេះ គឺមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានធ្វើការជួសជុលម្តងរួចមកហើយ កាលពីឆ្នាំកន្លងទៅ ដោយរដូវវស្សាឆ្នាំទៅ ទឹកភ្លៀងធ្លាក់ជោគជាំខ្លាំងបានធ្វើឱ្យផ្លូវនេះរងការខូចខាតដោយកន្លែង ដូចជាមានគ្រលុក និងសំបុកមាន់ជាដើម។
លោកបញ្ជាក់ថា អ្វីដែលក្រុមការងារមន្ទីរសាធារណការកំពុងតែធ្វើក្នុងពេលនេះ គឺចាក់ដីគ្រួសក្រហមបំពេញបន្ថែមកៀសម្រួលកិនបង្ហាប់ លុបគ្រលុក និងសំបុកមាន់ឱ្យបានស្អាត។
ជំនួសមុខឱ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកសង្គមថ្មីទាំងមូល លោក សំ លាងទ្រី ក៏បានថ្លែងនូវការអរគុណ ចំពោះលោក ប្រាក់ សុវណ្ណ ដែលបានយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយលោកល៏បានធ្វើការអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋត្រូវធ្វើការអប់រំ ណែនាំកូនចៅ ឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ ឱ្យបានគ្រប់ៗគ្នា ដើម្បីកុំឱ្យការសប្បាយក្លាយជាទុក្ខ៕