(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវវិធានការ៣បន្ថែមទៀត ដើម្បីជួយដល់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ បង្កើននូវដើមទុន និងទុនបង្វិល ធ្វើយ៉ាងអាចបន្តសកម្មភាពផ្តល់កម្ចីដល់សាធារណជន និងគិតគូរដល់ការអនុគ្រោះផ្សេងៗ ចំពោះអតិថិជនដែលរងផលប៉ះពាល់។
ថ្លែងក្នុងសន្នីសីទសារព័ត៌មាន តាមរយៈវីដេអូ Conference នៅរសៀលថ្ងៃទី១៧ ខែមីន ឆ្នាំ២០២០នេះ លោកស្រី ជា សិរី អគ្គនាយកបចេ្ចកទេសនៃធនាគារជាតិនៃកម្ពុជា បានថ្លែងឲ្យដឹងថា វិធានការថ្មីចំនួន៣ ដែលដាក់ចេញដោយធនាគារជាតិរួមមាន៖
១៖ ធនាគារជាតិនៃកម្ពុជា ពន្យារការឲ្យអនុវត្តន៍នូវប្រកាស ស្ដីពីទ្រនាប់ដើមទុន ដែលគ្រោងឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបង្កើនទុនបង្វិល ដែលមានអនុបាតពី៥០ភាគរយទៅ១០០ភាគរយ នៅដើមឆ្នាំ២០២០ ត្រូវពន្យារពេលដល់ឆ្នាំ២០២១។ ការធ្វើបែបនេះ ដើម្បីឲ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ មានដើមទុនច្រើនក្នុងដៃ ងាយស្រួលផ្តល់កម្ចីឲ្យអតិថិជន។
២៖ កាត់បន្ថយអត្រាការប្រាក់នៃប្រតិបត្តិការផ្ដល់សន្ទនីយភាពមានការធានា ហៅកាត់ថា LPCO ។ ចាប់ពីថ្ងៃនេះ ធនាគារជាតិនៃកម្ពុជា សម្រេចកាត់បន្ថយអត្រាការប្រាក់ ដើម្បីឲ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ដេញថ្លៃរកប្រាក់រៀល ប្រើប្រាស់ជាដើមទុន។
៣៖ កាត់បន្ថយការប្រាក់មូលបត្រអាចជួញដូរបាន (NCD) ដែលកន្លងទៅគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ទិញពីធនាគារជាតិនៃកម្ពុជា ដើម្បីចំណេញអត្រាការប្រាក់ ប៉ុន្តែចាប់ពីស្អែកទៅ គឺត្រូវកាត់បន្ថយអត្រាការប្រាក់ ឲ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ បង្ខិលពីការទិញ NCD ទៅជាផ្តល់កម្ចីឲ្យអតិថិជនវិញ ។
លោកស្រី ជា សិរី បានបញ្ជាក់ថា «ដោយសារសង្កេតឃើញនូវការវិវត្តន៍ថ្មីៗ យើងក៏សម្រេចចិត្តដាក់ចេញវិធានការថ្មីចំនួន៣ទៀត ដើម្បីសម្រួលសន្ទនីយភាព (មានទុនច្រើនក្នុងដៃ)។ ការដែលយើងទាមទារឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បន្តផ្តល់ឥណទាន ឬក៏យើងទាមទារចង់ឲ្យគ្រឹះស្ថាន រក្សាភាពទន់ភ្លន់ ក្នុងការលើកលែងការយកការប្រាក់ ឬប្រាក់ដើមនោះ គឺទាមទារឲ្យគ្រឹះស្ថាន ត្រូវតែមានលុយច្រើនក្នុងដៃ បានន័យថា មានសន្ទនីយភាពច្រើនក្នុងខ្លួន»។
ឆ្លើយតបនឹងសំណួរដែលបានចោទសួរថា នៅគ្រាដែលស្ថានភាពសេដ្ឋកិច្ចកម្ពុជា កំពុងជួបការលំបាកដោយសារវីរុសកូវីដ១៩ បានធ្វើឲ្យម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋដែលប្រើប្រាស់កម្ចីពី ធនាគារជួបការលំបាក ក្នុងការបង្វិលសង តើធនាគារជាតិនៃកម្ពុជាមានយន្ដការបែបណា ដើម្បីជួយដល់ពួកគាត់? លោកស្រី ជា សិរី បានថ្លែងថា ធនាគារជាតិបានដាក់ចេញនូវយន្ដការនៅពេលថ្មីៗនេះ ដោយឲ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ អនុវត្តន៍ដោយទន់ភ្លន់ ចំពោះអតិថិជនដែលជួបបញ្ហា នៃការសងត្រឡប់វិញ។
លោកស្រីបញ្ជាក់ថា «ស្ថានភាពបច្ចុប្បន្ននេះ បានធ្វើឲ្យអាជីវកម្មមួយចំនួនជួបញ្ហា ដោយសារមិនមានអតិថិជន ធ្វើឲ្យមានចំណូលតិចជាងមុន ឬខាត ក្នុងករណីអាជីវករទាំងនោះ មានឥណទានជាមួយគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ យើងបានស្នើឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រក្សាភាពទន់ភ្លន់តាមស្ថានភាពជាក់ស្ដែង ដោយអាចពិនិត្យមើលលទ្ធភាពបន្ធូរបន្ថយ ឬពន្យារពេលក្នុងការសង់ប្រាក់ ឬការប្រាក់»។
លោកស្រីបន្ថែមថា «យើងបានផ្ដល់លទ្ធភាពឲ្យគ្រឹះស្ថាននីមួយៗធ្វើទៅតាមលក្ខខណ្ឌផ្សេងៗ មានន័យថា ប្រសិនបើអាជីវករមានបញ្ហាជាក់លាក់ ដោយសារតែជំងឺកូវីដពិតមែន គ្រឹះស្ថានអាចពន្យារពេលការសង់ប្រាក់ដើម, ការប្រាក់ ឬគាត់អាចកាត់បន្ថយនូវ អត្រាការប្រាក់ជាដើម តាមស្ថានភាពជាក់ស្ដែង។ ប្រសិនក្រុមហ៊ុនខ្លះ អាចមានលទ្ធភាព អាចពន្យារពេលខ្លះ ឬអាចពន្យារសងប្រាក់ដើម តែយកអត្រាការប្រាក់ ទាំងនេះខាងធនាគារជាតិ បានសំណូមពរដល់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ»។
សូមជម្រាបថា កាលពីពេលថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវវិធានការ៣ចំណុច ដើម្បីជួយសម្រប់សម្រួល ក៏ដូចជាការពារផលប៉ះពាល់ពីការរីករាលដាលនៃវីរុស Covid-19 រួមមាន៖
ទី១៖ ត្រូវបន្តផ្តល់ឥណទានឱ្យកាន់តែសកម្ម ដល់វិស័យអទិភាព ដើម្បីធានានិរន្តភាពអាជីវកម្មទាំងនោះ
ទី២៖ រក្សាភាពទន់ភ្លន់តាមលទ្ធភាពជាក់ស្តែង តាមរយៈការពិនិត្យលទ្ធភាពក្នុងការបន្ធូរបន្ថយ និងពន្យារពេលនៃការសងប្រាក់ដើម និងការប្រាក់ ពិសេសចំពោះម្ចាស់អាជីវកម្ម ក្នុងវិស័យសណ្ឋាគារ និងផ្ទះសំណាក់ និងវិស័យពាក់ព័ន្ធទេសចរណ៍ជាដើម
ទី៣៖ បន្តតាមដាន និងដាក់ចេញវិធានការការពារការរីករាលដាលនៃវីរុស Covid-19 ទៅលើបុគ្គលិក និងអតិថិជន ដើម្បីធានាឱ្យបាននិរន្តរភាពប្រតិបត្តិការ របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាប្រក្រតី៕