(ស្វាយរៀង)៖ លោក ជា វ៉ាន់ដេត ដឹកនាំសមាជិកសមាជិក គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ចុះសិក្សាស្វែងយល់អំពីការ អភិវឌ្ឍក្រុងបាវិត និងការងារវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គារីសស៍ ស្ថិតនៅឃុំកណ្តៀងរាយ ស្រុកស្វាយទាប និងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង។
អមដំណើរដោយលោក ជា វុទ្ធី អគ្គលេខាធិការរងក្រុមប្រឹក្សាវិនិយោគកម្ពុជា, លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ព្រមទាំងអ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង។ គណៈប្រតិភូបានស្តាប់របាយការណ៍អំពីការវិវឌ្ឍនិងបញ្ហាប្រឈមមួយចំនួន នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។
ក្នុងឱកាសនេះដែរ លោក ជា វ៉ាន់ដេត បានវាយតម្លៃខ្ពស់ចំពោះការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធការពារបរិស្ថានអាងប្រព្រឹត្តិកម្មទឹកកខ្វក់ និងកាកសំណល់ចេញពីរោងចក្រ ព្រមទាំងការគិតគូរជារួមរបស់ក្រុមហ៊ុន ដើម្បីប្រែក្លាយជាតំបន់សេដ្ឋកិច្ចពិសេសបៃតង។
បន្ទាប់មក គណៈកម្មការទី៣ នៃរដ្ឋសភា ក៏បានបន្តដំណើរទៅពិនិត្យមើលទីតាំងចេញចូលរថយន្តកុងតឺន័រ នៅច្រកព្រំដែនអន្គរជាតិក្រុងបាវិតផងដែរ។ ក្នុងពេលចុះពិនិត្យទីតាំងខាងលើ គណៈកម្មការទី៣ នៃរដ្ឋសភា បានទទួលរបាយការណ៍ និងកត់សម្គាល់នូវបញ្ហាប្រឈមចំពោះការកកស្ទះចរាចរបណ្តាលមកពីឡានកុងទីន័រច្រើនដោយផ្លូវមានតែមួយជួរ។
លោក ជា វ៉ាន់ដេត បានស្នើឲ្យអភិបាលខេត្តលើកគំរោងពង្រីកផ្លូវឱ្យបានបីជួរ។ ប្រធានក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស បានសន្យាថា នឹងកៀរគរថវិការរបស់ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស ទាំង៨ នៅខេត្តស្វាយរៀង ដើម្បីធ្វើផ្លូវនេះ ហើយបានស្នើឲខេត្តសិក្សាតំលៃគំរោងផ្លូវនេះ។
សូមជម្រាបថា ចាប់តាំងពីមានការសម្រេចរបស់រាជរដ្ឋាភិបាល ឱ្យបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងទឹកដីនៅខេត្តស្វាយរៀងនៅឆ្នាំ២០០៥ រហូតមកដល់បច្ចុប្បន្ននៅទូទាំងខេត្ត មានតំបន់សេចកិច្ចពិសេសចំនួន១១កន្លែង ដែលកំពុងដំណើរការ ៨កន្លែង ដោយមានរោងចក្រ សហគ្រាសធនាគារ គ្រឹះស្ថាន មេក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនឯកជន ចំនួន ២០៨កន្លែង ក្នុងនោះក្រុមហ៊ុនវិនិយោគអនុញ្ញាតដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានចំនួន ១៤១ក្រុមហ៊ុន និងអនុគណកម្មាធិការវិនិយោគខេត្តចំនួន ៣ក្រុមហ៊ុន ដោយបានផ្ដល់ការងារ ធ្វើជូនប្រជាពលរដ្ឋប្រមាណ ៨ម៉ឺននាក់៕