(ភ្នំពេញ)៖ លោកស្រី គង់ កុសល នាយិការទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រកាសផ្អាក ការប្រគំតន្ត្រីទេសចរណ៍ Cambodia Brew the Beat និង WURKZ City Concert ទូទាំងប្រទេស ព្រមទាំងសកម្មភាពប្រមូលផ្តុំការកម្សាន្តផ្សេងៗឯទៀត បន្ទាប់ពីវិបត្តិវីរុស កូវីដ-១៩ កំពុងកើតមានទាំងក្នុងប្រទេសកម្ពុជា និងស្ទើរតែគ្រប់ប្រទេសទូទាំងសាកលលោក។
លោកស្រីបានមានប្រសាសន៍ថា៖ «ការផ្អាកសកម្មភាពប្រមូលផ្តុំការកម្សាន្តទាំងអស់នេះ គឺធ្វើឡើងដើម្បីទប់ស្កាត់ការរីករាលដាលវីរុស កូវីដ-១៩ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ដែលអាចធ្វើឲ្យស្ថានភាពកាន់តែធ្ងន់ធ្ងរ»។
លោកស្រីបន្តទៀតថា៖ «ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន គ្រួសារ និងសង្គមយើងទាំងមូល នាងខ្ញុំសូមលើកទឹកចិត្តដល់ពលរដ្ឋកម្ពុជាទាំងអស់ ឱ្យចូលរួមរក្សាអនាម័យខ្លួនឱ្យបានខ្ជាប់ខ្ជួន និងចៀសវាងការដើរហើរចេញទៅក្រៅ បើមិនចាំបាច់»៕