(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានជំរុញយ៉ាងម៉ឺងម៉ាត់ដល់បណ្ដាមន្ត្រីចត្តឡីស័ក និងមន្ត្រីតាមច្រកទាំងអស់ នៃច្រកព្រុំដែនទាំង២ស្រុក គឺស្រុកលើកដែក និងស្រុកកោះធំ ត្រូវពង្រឹងឲ្យម៉ឺងម៉ាត់ និងជាដាច់ខាតទៅលើការការពារ ការឆ្លងវីរុស COVID-19 ពិសេសពិនិត្យមើលទៅលើជនអន្តោប្រវេសន៍ ចេញចូលប្រទេសកម្ពុជា។
លោក គង់ សោភ័ណ្ឌ បានដាក់បទបញ្ជាយ៉ាងដូច្នេះនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលលោកបានដឹកនាំមន្ត្រី ចុះពិនិត្យមើលទូកទេសចរណ៍ទាំង ៥គ្រឿង ដែលវៀតណាមមិន អនុញ្ញាតឲ្យចូលទឹកដីគេ ខណៈទូកទេសចរណ៍ទាំង ៥គ្រឿងពុំមានរកឃើញសញ្ញាវិជ្ជមាននៃវីរុស COVID-19 នោះឡើយ ហើយអនុញ្ញាតឱ្យមកពិនិត្យ នៅរាជធានីភ្នំពេញម្ដងទៀត។
លោក គង់ សោភ័ណ្ឌ បានបញ្ជាក់ទៀតថា មន្ត្រីពាក់ព័ន្ធទាំងអស់កុំមានការធ្វេសប្រហែស កុំមានការយោគយល់ កុំបណ្ដោយឲ្យមានការចេញ-ចូល តាមច្រករបៀង ដើម្បីទប់ស្កាត់ឲ្យខានតែបានការរីក រាលដាលករណីវីរុសCOVID-19 ។
គួរជម្រាបថា នៅខេត្តកណ្ដាល ពុំទាន់មានការឆ្លងឬផ្ទុះឡើងករណីវីរុស COVID-19 នៅឡើយទេ ខណៈបានត្រៀមរួចជាស្រេចនូវក្រុមគ្រូពេទ្យជំនាញ បន្ទប់ស្នាក់នៅ ថ្នាំ និងឧបករណ៍រួចជាស្រេច បើសិនជាមានករណីឆ្លងណាមួយកើតឡើង៕