(ពោធិ៍សាត់)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោក លាង ទិតដ្ឋាន ជាប្រធានមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ថ្មី ជំនួសលោក ឡាយ ចេងលៀង ប្រធានមន្ទីរចាស់ដែលត្រូវចូលនិវត្តន៍។
ពិធីនេះបានធ្វើឡើងនៅសាលប្រជុំសាលា ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីសំណាក់ ពីលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងមន្រ្តីរាជការ តាមបណ្ដាក្រសួង មន្ទីរ អង្គភាពនានាយ៉ាងច្រើនកុះករ។
លោក ម៉ៅ ធនិន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារដែលថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃមន្ទីរព័ត៌មានខេត្ត ព្រមទាំងអាជ្ញាធរ និងសមត្ថកិច្ច ពាក់ព័ន្ធ រួមសហការគ្នាខិតខំបំពេញភារកិច្ច បម្រើរដ្ឋ និងប្រជាពលរដ្ឋទទួលបានលទ្ធផលល្អប្រសើរ។ លោកថា ការតែងតាំងផ្លាស់ប្ដូរមុខតំណែងមន្ត្រីរាជការសាធារណៈ គឺជាការផ្លាស់ប្ដូរបទពិសោធន៍ តាមតម្រូវការចាំបាច់ស្របតាមលិខិតបទដ្ឋាន គតិយុត្តិជាធរមាន ដើម្បីលើកកម្ពស់សមត្ថភាពការងារ និងការដឹកនាំគ្រប់គ្រងសំដៅធ្វើឱ្យ មានកំណែទម្រង់ក្នុងប្រព័ន្ធការងារឱ្យកាន់តែប្រសើរឡើង។
លោកអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់ប្រធានមន្ទីរ ដែលទើបតែងតាំងថ្មីត្រូវបន្តខិតខំយកចិត្តទុកដាក់ សហការជាមួយមន្ទីរអង្គភាពជុំវិញខេត្តអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ដើម្បីរួមចំណែកក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធទៅលើវិស័យព័ត៌មានឱ្យមានប្រសិទ្ធភាពខ្ពស់។ ជាពិសេសកុំយកតួនាទីខ្លួន ទៅធ្វើអាជីវកម្ម កុំមានបក្ខពួក គ្រួសារនិយម ដែលនាំឲ្យប៉ះពាល់ដល់មន្ត្រីក្រោមឱវាទ ត្រូវគ្រប់គ្រងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ មានឧត្តមគតិក្នុងការទទួលខុសត្រូវ។
លោកបានបន្ថែមថា ជាថ្នាក់ដឹកនាំគប្បីយកចិត្តទុកដាក់ក្នុងការបំពេញការងារ មានព្រហ្មវិហារធម៌ទាំង៤ នៅក្នុងខ្លួន មានវប្បធម៌សាមគ្គី វប្បធម៌ចែករំលែកដល់ថ្នាក់ក្រោម។ បើធ្វើជាមេ ត្រូវមានទឹកដោះឲ្យកូនបៅ បើគ្មានទឹកដោះក៏មានទឹកបបរ និងទឹកស្ករដែរ សុខចិត្តឱ្យស្តួចតែកុំឱ្យដាច់។
លោក ខៀវ កាញារីទ្ធ បានថ្លែងដែរថា សារព័ត៌មាន មានតួនាទីសំខាន់ណាស់ក្នុងសង្គម សម្រាប់ជាកញ្ចក់ឆ្លុះបញ្ជាំងពីទិដ្ឋភាពជាក់ស្តែង និងជាស្ពានចម្លងព័ត៌មាន ពីពលរដ្ឋទៅថ្នាក់ដឹកនាំ និងពីថ្នាក់ដឹកនាំមកប្រជាពលរដ្ឋវិញ អំពីហេតុការណ៍ស្ថានភាពនៅតាមមូលដ្ឋាននានា សេចក្តីត្រូវការ និងការស្នើសុំជាដើម។ ដើម្បីឱ្យការងារទាំងនេះប្រព្រឹត្តទៅរលូន លឿនរហ័ស និងមានប្រសិទ្ធភាពខ្ពស់ លោកប្រធានមន្ទីរព័ត៌មានថ្មី ត្រូវរក្សាទំនាក់ទំនងល្អជាមួយស្ថាប័នរដ្ឋ ឯកជន ក្រុមហ៊ុន និងមន្ទីរនានាជុំវិញខេត្តឱ្យបានល្អ, ត្រូវកំណត់ការប្រជុំជាទៀងទាត់ជាមួយនឹងមន្ត្រីក្រោមឱវាទ និងត្រូវចេះប្រមូលផ្តុំ សាមគ្គីគ្នា ពិសេសត្រូវចេះគ្រប់គ្រងចាត់ចែង មន្ត្រីធ្វើការឱ្យបានត្រឹមត្រូវតាមជំនាញ ដោយមិនចាំបាច់ទាល់តែប្រធានចេះគ្រប់សព្វនោះទេ៕