(ភ្នំពេញ)៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី (ធនាគារ) ដែលជាធនាគារពាណិជ្ជធំជាងគេ នៅប្រទេសកម្ពុជា បានបញ្ចប់ដំណើរការកំណត់ថ្លៃភាគហ៊ុន (ប៊ុកបៀលឌីង) របស់ខ្លួន កាលពីចុងសប្ដាហ៍មុន ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០។
ដោយមានការសហការ ពីក្រុមហ៊ុន យាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី ដែលជាទីប្រឹក្សាហិរញ្ញវត្ថុរបស់ធនាគារ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាននិងកំពុងរៀបចំ ការបែងចែកភាគហ៊ុន និងកំណត់ថ្លៃចុងក្រោយនៃភាគហ៊ុន របស់ធនាគារ ដោយផ្អែកតាមនីតិវិធី ស្តីពីការធ្វើប៊ុកបៀលឌីង និងការធ្វើបរិវិសកម្ម។
លទ្ធផលផ្លូវការ នៃការកំណត់ថ្លៃភាគហ៊ុន (ប៊ុកបៀលឌីង) នឹងត្រូវផ្សព្វផ្សាយជូនសាធារណជន បន្ទាប់ពីទទួលបានការអនុម័ត ពីគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក)។
បណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានថ្លែងថា «វិនិយោគិនរូបវ័ន្តបុគ្គលជាង២,០០០នាក់ បានចូលរួមនៅក្នុងដំណើរការ កំណត់ថ្លៃភាគហ៊ុន (ប៊ុកបៀលឌីង) របស់ធនាគារ»។
លោកបណ្ឌិតបន្ដថា នេះគឺជាជោគជ័យមួយ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាប្រជាធនាគារ ដែលលោកអ្នកជឿទុកចិត្ត និងជាធនាគារពាណិជ្ជទីមួយ ដែលនឹងចុះបញ្ជី នៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក)។
បណ្ឌិត អ៉ិន ចាន់នី បានបន្ថែមទៀតថា នៅពេលដែលវិនិយោគិនរូបវ័ន្តបុគ្គល ក្លាយជាភាគហ៊ុនិករបស់ធនាគារ រឹតតែធ្វើឲ្យយើងបង្កើនទំនាក់ទំនងយ៉ាងជិតស្និត និងកាន់តែរឹងមាំថែមទៀត ជាមួយនឹងអតិថិជន ប្រកបដោយវិសាលភាពទូលំទូលាយ។
ជាមួយគ្នានោះ ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី ក៏សូមថ្លែងអំណរគុណ ដល់វិនិយោគិនសក្តានុពល របស់ធនាគារទាំងអស់ ដែលបានចំណាយ ពេលវេលាដ៏មានតម្លៃ ចូលរួមក្នុងដំណើរការកំណត់ថ្លៃភាគហ៊ុន (ប៊ុកបៀលឌីង) និងទិញភាគហ៊ុនរបស់ធនាគារ។
លោក Han Kyung Tae អគ្គនាយកក្រុមហ៊ុន យាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី បានថ្លែងថា «ទោះបីជាមានកង្វល់អំពីជំងឺ Covid-19 និងការកើនឡើង នៃភាពមិនប្រាកដ នៅលើទីផ្សារហិរញ្ញវត្ថុសកលក៏ដោយ ក៏តម្រូវការចូលរួមដាក់សំណើទិញ និងកំណត់ថ្លៃភាគហ៊ុន (ប៊ុកបៀលឌីង) មានចំនួនច្រើនគួរឲ្យកត់សម្គាល់ ដោយតម្រូវការសរុបមានចំនួន៣ដង លើសចំនួនភាគហ៊ុន ដែលបានបម្រុងទុក ក្នុងដំណាក់កាលប៊ុកបៀលឌីង»។
លទ្ធផល នៃការកំណត់ថ្លៃភាគហ៊ុន (ប៊ុកបៀលឌីង) នាពេលនេះ ជាលទ្ធផលបណ្តោះអាសន្ននៅឡើយ ហើយនឹងត្រូវដាក់ ជូនក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក) និង គណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក) ដើម្បីអនុម័ត លើថ្លៃចុងក្រោយ។
ការជូនដំណឹងខាងលើនេះ គឺក្នុងគោលបំណង ជូនព័ត៌មានខ្លះៗ ជាមុនដល់វិនិយោគិន ដើម្បីអនុញ្ញាតឲ្យវិនិយោគិនរៀបចំខ្លួន និងត្រៀមខ្លួនចូលរួមដំណាក់កាលបរិវិសកម្ម ដែលគ្រោងនឹងចាប់ផ្តើម នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ។
ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ ជាសាធារណៈរបស់ធនាគារនេះ គឺជាឱកាសមាស របស់វិនិយោគិនរូបវ័ន្តបុគ្គល ដើម្បីក្លាយជាភាគហ៊ុនិករបស់ប្រជាធនាគារ ដែលលោកអ្នកជឿទុកចិត្តបំផុត និងជាធនាគារមានស្ថានភាពហិរញ្ញវត្ថុរឹងមាំបំផុត នៅក្នុងកម្ពុជា។
លោក Han Kyung Tae បានបន្ថែមទៀតថា «ភាគហ៊ុនចំនួន ៤,៣៧៥,៦៩៦ ត្រូវបានបម្រុងទុកសម្រាប់ វិនិយោគិនដែលទទួលបានជោគជ័យ នៅក្នុងដំណាក់កាលកំណត់ថ្លៃភាគហ៊ុន (ប៊ុកបៀលឌីង)»។
សូមអញ្ជើញ វិនិយោគិនសាធារណៈទាំងអស់ ចូលរួមក្នុងដំណាក់កាលបរិវិសកម្ម ដើម្បីទិញភាគហ៊ុនរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាមួយនឹងតម្លៃចុងក្រោយ ដែលរំពឹងថា នឹងចាប់ផ្តើមពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ដល់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ (កាលបរិច្ឆេទនេះ អាចកែប្រែអាស្រ័យ លើការអនុម័តរបស់និយ័តករ)។
វិនិយោគិនដែល ទទួលបានជោគជ័យ និងវិនិយោគិនដែលមិនទទួលបានជោគជ័យ នៅតែអាចទិញភាគហ៊ុនរបស់ធនាគារបន្ថែមទៀត បាននៅក្នុងដំណាក់កាល បរិវិសកម្ម។ នៅក្នុងដំណាក់កាលបរិវិសកម្ម មានភាគហ៊ុនសរុបរហូតដល់ ២១,៨៧៨,៤៧៧ ភាគហ៊ុន សម្រាប់ដាក់លក់ជូនវិនិយោគគិនសាធារណៈ នៅក្នុងតម្លៃចុងក្រោយ។
បណ្ឌិត អ៉ិន ចាន់នី បានថ្លែងថា «ធនាគារ អេស៊ីលីដា ភីអិលស៊ី រង់ចាំទទួលស្វាគមន៍វិនិយោគិនទាំងអស់ ដើម្បីចូលរួមទិញភាគហ៊ុន និងក្លាយជាភាគហ៊ុនិក របស់ធនាគារ នាពេលឆាប់ៗខាងមុខនេះ»៕