(ភ្នំពេញ)៖ ចាប់ពីថ្ងៃនេះទៅ រដ្ឋសភាកម្ពុជា នឹងដាក់ឲ្យអនុវត្តន៍ការធ្វើការងារតាមអនឡាញ ដើម្បីការពារខ្លួនពីការរាលដាលជំងឺរលាកផ្លូវដង្ហើម ដែលបង្កដោយមេរោគ Covid-19 មានន័យថា មន្ត្រីសភាទាំងអស់ អាចធ្វើការងារពីផ្ទះបាន។ នេះបើតាមការឲ្យដឹងពី លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា។
ថ្លែងប្រាប់ក្រុមអ្នកព័ត៌មាន នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ លោក ឡេង ប៉េងឡុង បានឲ្យដឹងបន្ថែមថា ក្នុងពេលដែលមេរោគ Covid-19 កំពុងរាតត្បាតកាន់តែខ្លាំងនោះ សភាចង់កាត់បន្ថយការចរាចរណ៍ឯកសារដោយផ្ទាល់ឲ្យបានតិចបំផុត និងការធ្វើការងារតាមអនឡាញឲ្យបានច្រើនបំផុត។
អគ្គលេខាធិការរដ្ឋសភា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងនឹងអនុវត្តន៍ការប្រាស្រ័យទាក់ទងគ្នា ឬការអនុវត្តការងារតាមអនឡាញ។ អ្នកណាធ្វើការងារតាមអនឡាញបាន ធ្វើតាមអនឡាញ ប្រាស្រ័យទាក់ទងក្រសួងតាមអនឡាញ។ យើងបានរៀបចំឲ្យមានជាអាសយដ្ឋានលើអនឡាញ យើងនឹងដាក់នៅលើវេបសាយរដ្ឋសភា។ អនឡាញ មានការទាក់ទងមកអគ្គលេខាធិការដ្ឋានរដ្ឋសភាផ្ទាល់ អនឡាញដែលទាក់ទងមកគណៈកម្មការផ្សេងៗ ទាក់ទងនឹងខុទ្ទកាល័យផ្សេងៗ»។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ អ្នកកើតជំងឺកូវីត១៩ នៅក្នុងប្រទេសកម្ពុជា កើនដល់ ២៤នាក់ហើយ។ បើតាមក្រសួងសុខាភិបាល អ្នកទាំង ២៤នាក់នោះ រួមមាន៖
ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ)
ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប
ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៦៖ បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៧៖ បុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៨៖ បុរសជនជាតិបារាំង អាយុ៣៥ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៩៖ ទារកជនជាតិបារាំង អាយុ៤ខែ នៅរាជធានីភ្នំពេញ
ទី១០៖ បុរសជនជាតិខ្មែរ នៅរាជធានីភ្នំពេញ
ទី១១៖ បុរសខ្មែរឥស្លាម នៅខេត្តព្រះវិហារ អាយុ៣៥ឆ្នាំ នៅខេត្តព្រះវិហារ
ទី១២៖ បុរសខ្មែរឥស្លាម អាយុ៣៩ឆ្នាំ នៅខេត្តព្រះវិហារ។
ទី១៣៖ បុរសជនជាតិខ្មែរឥស្លាម នៅក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ
ទី១៤៖ បុរសជនជាតិខ្មែរ មកពីប្រទេសថៃ នៅភូមិព្រៃឫស្សី ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ
ទី១៥, ទី១៦៖ បុរសខ្មែរឥស្លាម ២នាក់ (អាយុ ៦៣ឆ្នាំ និង៦៤ឆ្នាំ) នៅព្រែកប្រា
ទី១៧, ១៨, ១៩, ២០៖ បុរសខ្មែរឥស្លាម (អាយុចន្លោះពី ៣៨ឆ្នាំ ដល់ ៤៥ឆ្នាំ) នៅក្នុងខេត្តបាត់ដំបង
ទី២១៖ បុរសខ្មែរឥស្លាម អាយុ ៣០ឆ្នាំ នៅក្នុងខេត្តកំពត បច្ចុប្បន្នដាក់ព្យាបាលនៅមន្ទីរពេទ្យខេត្តកែប
ទី២២៖ បុរសខ្មែរឥស្លាម អាយុ ៦១ឆ្នាំ នៅខេត្តត្បូងឃ្មុំ បច្ចុប្បន្នដាក់ក្នុងមន្ទីរពេទ្យខេត្តនៅពញាក្រែក
ទី២៣, ២៤៖ បុរសខ្មែរឥស្លាម អាយុ ៧៥ឆ្នាំ និង ២៨ឆ្នាំ នៅខេត្តកំពង់ឆ្នាំង ត្រូវបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង៕