(តាកែវ)៖ លោកវរសេនីយ៍ឯក ឆឹង រតនៈ ស្នងការរង ទទួលផែនការងារគ្រប់គ្រងធនធានមនុស្ស នៃស្នងការដ្ឋាននគបាលខេត្តតាកែវ បានណែនាំដល់អធិការក្រុងស្រុក ប៉ុស្តិ៍រដ្ឋបាលទាំងអស់ នៅក្នុងខេត្តតាកែវ ត្រូវចុះអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន កុំឱ្យមានការភ័យខ្លា ឬមានការព្រួយបារម្ភពាក់ព័ន្ធទៅ និងការផ្ទុះជំងឺ Covid-19 ដែលបញ្ហានេះរាជរដ្ឋាភិបាល តាមរយៈក្រសួងសុខាភិបាល បានចាត់វិធានការណ៍ជាច្រើន ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ជំងឺនេះ កុំឱ្យរីករាលដាលនៅក្នុងប្រទេសកម្ពុជា។
ថ្លែងនៅចំពោះមុខសមត្ថកិច្ចជាច្រើននាក់ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាស់នាយប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងត្រាញ់ខាងជើង នៃអធិការដ្ឋាននគរបាលស្រុកសំរោង ស្ថិតនៅឃុំបឹងត្រាញ់ ស្រុកសំរោង ខេត្តតាកែវ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ លោក ឆឹង រតនៈ បានថ្លែងថា បច្ចុប្បន្ននេះ ជំងឺកូវីត១៩ កំពុងតែផ្ទុះឡើងក្លាំងក្លានៅប្រទេសមួយចំនួន ជាពិសេសនៅតំបន់អឺរ៉ុប។
ដោយឡែកប្រទេសកម្ពុជា ទើបតែកើតជំងឺនេះ ឡើងប៉ុន្មានករណីប៉ុណ្ណោះ ហើយរាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវវិធានការណ៍មួយចំនួន ដើម្បីធ្វើការទប់ស្កាត់កុំឱ្យមានការរីករាលដាលនៃជំងឺនេះ ដោយក្នុងនោះជនបរទេសមួយចំនួនមិនត្រូវបានអនុញ្ញាតឱ្យចូលប្រទេសកម្ពុជានោះទេ។
ដូច្នោះ បញ្ហាជំងឺកូវីត១៩នេះ សមត្ថកិច្ចមូលដ្ឋានត្រូវចុះផ្សព្វផ្សាយអប់រំ ប្រជាពលរដ្ឋកុំឱ្យមានការភ័យខ្លាច និងអប់រំប្រជាពលរដ្ឋឱ្យចេះការពារខ្លួន តាមរយៈការធ្វើអនាម័យឱ្យបានត្រឹមត្រូវទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។
លោកស្នងការរងខេត្តតាកែវ បានសំដែងនូវក្ដីរំពឹងថា នៅពេលដែលសមត្ថកិច្ច ចុះអប់រំផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋមានការយល់ដឹងពីជំងឺកូវីត១៩នេះ វានឹងធ្វើឱ្យសតិអារម្មណ៍របស់ប្រជាពលរដ្ឋលែងភិតភ័យ ហើយការបង្ហោះព័ត៌មានក្លែងក្លាយ នៅតាមបណ្ដាញសង្គមក៏នឹងលែងកើតមានទៀតដែរ ព្រោះប្រជាពលរដ្ឋមានការយល់ដឹងនឹងមិនជឿ ឬចាញ់បោកការបង្ហោះព័ត៌មានក្លែងក្លាយទៀតនោះទេ។
ឱកាសនោះផងដែរ លោក ឆឹង រតនៈ ក៏បានធ្វើការណែនាំដល់សមត្ថកិច្ចមូលដ្ឋានទាំងអស់ ត្រូវប្រឹងប្រែងការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋជាពិសេសការបម្រើសេវាសាធារណៈឱ្យបានល្អប្រសើរ ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានជំនឿទុកចឹត្តមកលើសមត្ថកិច្ច៕