(ភ្នំពេញ)៖ បុរសជនជាតិចិនម្នាក់ ត្រូវកម្លាំងនគរបាល ធ្វើការបង្រ្កាបបានភ្លាមៗ ក្រោយពីប្រជាពលរដ្ឋរាយការណ៍ថា ជនជាតិចិននោះ បានប្រើប្រាស់កាំភ្លើងខុសច្បាប់។
ហេតុការណ៍នេះ កើតឡើង កាលវេលាម៉ោង០៤៖៣០នាទីទៀបភ្លឺថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ នៅចំណុចអាគារព្រីម ផ្លាហ្សា តាមផ្លូវព្រះនរោត្ដម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យ ឈ្មោះ XIE YENG ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចិន ស្នាក់នៅផ្ទះលេខ១៧ ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរ មេការរោងចក្រផលិតស្លា (គ្មានលិខិតឆ្លងដែន)។ វត្ថុតាងដកហូតមាន៖ កាំភ្លើងខ្លី១ដើម, ម៉ាកK54 ពណ៌ខ្មៅ បង់១ គ្រាប់៤ រួមនិងឧបករណ៍ សំរាប់ជក់គ្រឿងញៀន មួយកំប្លេរ។
មុនកើតហេតុ កម្លាំងនគរបាល ទទួលព័ត៌មានពីប្រជាពលរដ្ឋថា សង្ស័យជនជាតិចិន មានអាវុធខ្លី ក្រោយមក ក៏កម្លាំងនគរបាលព្រហ្មទណ្ឌ សហការនគរបាលប៉ុស្តិ៍ ក៏ចុះទៅឃាត់បុរសជនសង្ស័យ នៅអាគារកើតហេតុខាងលើ។
លោក ផន អូន អធិការរងខណ្ឌចំការមន បានឲ្យដឹងថា ក្រោយពីការចុះធ្វើការឃាត់ខ្លួន ជនសង្ស័យបាន និងសួររកអាវុធខ្លី ហើយជនសង្ស័យឆ្លើយថា មិនបានដឹងរឿងអ្វីទេ តែសាក្សីសន្តិសុខ បានប្រាប់ថា បុរសជនជាតិចិន បង្កហិង្សា និងដកអាវុធខ្លីគំរាម ទៅលើជនជាតិចិនដូចគ្នា។
ក្រោយមកតាមទៅមើលកន្លែង ដែលជនជាតិចិន រត់ចូលបន្ទប់ទឹក រួចយកជននោះទៅឆែក ទើបឃើញថង់ខ្មៅ មានកាំភ្លើងខ្លីម៉ាក K54 ចំនួន១ដើម និងឧបករណ៍ សំរាប់ជក់គ្រឿងញៀន១កំប្លេរ ហើយក៏នាំខ្លួនមកសាកសួរនាំ នៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការតាមផ្លូវច្បាប់៕