(ស្វាយរៀង)៖ លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង នៅក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារអង្គភាព Fresh News ប្រចាំខេត្តស្វាយរៀង នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋក៏ និងអ្នកដែលពាក់ព័ន្ធទាំងអស់នៅខេត្តស្វាយរៀង ចូលរួមទប់ស្កាត់ និងការបង្ការជំងឺ Covid-19 ដែលកំពុងរាតត្បាតពាសពេញពិភពលោក បើទោះបីសម្រាប់ខេត្តស្វាយរៀង មិនទាន់មានប្រជាពលរដ្ឋណាម្នាក់ឆ្លងជំងឺនេះនៅឡើយក៏ដោយ។
ប្រធានមន្ទីររូបនេះ ក៏សូមសំណូមពរដល់ប្រជាពលរដ្ឋអ្នកចែកចាយព័ត៌មាន ពាក់ព័ន្ធនឹងជំងឺកូវីដ១៩ កុំឱ្យបំពុលសង្គម ត្រូវធ្វើអ្វីយោងទៅលើសេចក្តីប្រកាស របស់ក្រសួងសុខាភិបាលជាមុនសិន ចៀសវាងការផ្សាយនូវព័ត៌មាន មិនពិតអាចនឹងប្រឈមចំពោះមុខច្បាប់។
លោកវេជ្ជបណ្ឌិត បានបន្តថា បច្ចុប្បន្ននេះ ទោះបីខេត្តស្វាយរៀង មិនទាន់មានប្រជាពលរដ្ឋណាម្នាក់ឆ្លងជំងឺ Covid-19 ក្តី តែវិធានទប់ស្កាត់ និងបង្ការមានដូចភ្លៀងរលឹមដោយយើងមានសំលៀក បំពាក់ការពារសម្រាប់យកសំណាកទៅពិនិត្យ ហើយកន្លងមក មន្ត្រីសុខាភិបាលបាន ចុះទៅតាមរោងចក្រនានានៅខេត្តស្វាយរៀង ដោយសង្ស័យទៅលើជនជាតិចិន មានអាការៈក្តៅខ្លួនហើយបាន យកសំណាកពួកគាត់ទៅពិនិត្យវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ជាលទ្ធផលគឺអវិជ្ជមានទាំងអស់។
លោកបានបន្ថែមទៀត នៅច្រកទ្វាព្រំដែនអន្តរជាតិបាវិត ការត្រួតពិនិត្យវីរុសកូរ៉ូណានេះ ដោយបំពាក់ម៉ាស៊ីនស្គែនគ្រប់ភ្ញៀវទាំងអស់ ប្រសិនបើមានរោគសញ្ញាសង្ស័យ ដែលមានកំដៅចាប់ពី ៣៨អង្សារទ្បើងទៅ មន្ត្រីជំនាញនឹងនាំភ្ញៀវនោះចូលក្នុងបន្ទប់សុវត្ថិភាពពិនិត្យ និងវាស់កំដៅសាជាថ្មី បើរកឃើញថា វិជ្ជមាននៅលើភ្ញៀវ មន្ត្រីចត្តាឡីស័កត្រូវពាក់សំលៀកបំពាក់ការពារសុវត្ថិភាព ហើយបញ្ជូនជននោះទៅកាន់អគារសុវត្ថិភាព ឱ្យដេកនៅលើគ្រែពេទ្យដែលមានបំពាក់បំពង់ខ្យល់អុកស៊ីហ្សែន និងមានគ្រូពេទ្យប្រចាំការពិនិត្យតាមដាន និងសង្គ្រោះ។
បើត្រូវបញ្ជូនជនរងគ្រោះ គេក៏មានរថយន្តសាមុយ ១គ្រឿង យកមកពីមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិជីភូមកប្រចាំការ ២៤ម៉ោង ដោយមានបំពាក់បរិក្ខាពេទ្យ និងគ្រូពេទ្យត្រៀមប្រចាំការផងដែរ។ ក្នុងនោះសម្រាប់អ្នកបើបររថយន្ត និងអ្នកជិះតាមម៉ូតូ ក៏មានមន្ត្រីចាំបាញ់កំដៅដោយម៉ាស៊ីនប្រើដៃ គឺបានពិនិត្យយ៉ាងម៉ត់ចត់មិនថ្លោះធ្លោយនោះទេ។
លោកវេជ្ជបណ្ឌិត កែរ រដ្ឋា បានឱ្យដឹងថា នៅខេត្តក៏មានការបណ្តុះបណ្តាលមន្ត្រីសុខាភិបាល ពាក់សំលៀកបំពាក់ការពារ និងបានបើកវគ្គអប់រំ ផ្សព្វផ្សាយអំពីជំងឺ Covid-19 ទាំងប្រជុំធំ តូចនៅមន្ទីរសុខាភិបាលខេត្ត និងតាមមន្ទីរពេទ្យនានាផងដែរ គឺបានធ្វើការងារនេះច្រើន។
ក្នុងនោះក៏ផ្តល់ជូនបដាសារអប់រំផ្សព្វផ្សាយ អំពីវិធានការការពារជំងឺ Covid-19 បិតនៅមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក សាលារៀន និងតាមសហគមន៍ មានដូចជា សារអប់រំ ការពាក់ម៉ាស លាងដៃនិងសាប៊ូ លើកដៃសំពះដែលជាទំនៀមទំលាប់ខ្មែរ យកក្រមា ឬកន្សែងខ្ទប់មាត់ជាដើម និងត្រូវបរិភោគសាច់បន្លែឆ្អិន និងអ្នកនៅកសិដ្ឋានត្រូវមានអាវការពារកុំប៉ះពាល់សត្វចិញ្ចឹម បក្សី សត្វពាហនៈ សត្វព្រៃ និងការឈរនិយាយគ្នា ឱ្យមានចង្ងាយឆ្ងាយពី ២ម៉ែត្រ ទៅ៣ម៉ែត្រ ព្រមទាំងមិនត្រូវជួបគ្នាដែលមានមនុស្សច្រើន និងសេចក្តីណែនាំជាច្រើនទៀត របស់ក្រសួងសុខាភិបាល ដែលត្រូវចៀសវាងជាពិសេសនៅខេត្តស្វាយរៀង គឺបានត្រៀមលក្ខណៈរួចជាស្រេចដោយខេត្ត មានបន្ទប់ដាច់ដោយឡែក សម្រាប់អ្នកជំងឺ ដែលមានការសង្ស័យផងដែរ ដើម្បីតាមដានទប់ស្កាត់ និងបង្ការឱ្យទាន់ពេលវេលាផងដែរ៕