(កំពង់ធំ)៖ លោក តាន់ ម៉េងឆាង ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តកំពង់ធំ បានដឹកនាំក្រុមការងារ (សុវត្ថិភាពនៅទីសត្តឃាតដ្ឋាន) ចុះបាញ់ថ្នាំសម្លាប់មេរោគការពារផ្ដាសាយបក្សីនៅតាមទីសត្តឃាតដ្ឋាន និងទីផ្សារក្នុងខេត្តមាន ៩ ក្រុងស្រុកក្នុងខេត្តកំពង់ធំ ដើម្បីលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋ ឱ្យបានកាន់តែល្អប្រសើរ។
ប្រតិបត្តិការនេះ ធ្វើឡើងក្រោមបញ្ជាលោក សុខ លូ អភិបាលខេត្តកំពង់ធំ និង លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយផ្អែកតាមការណែនាំអគ្គនាយកដ្ឋាន ផលលិតកម្ម និងសុខភាពសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោក តាន់ ម៉េងឆាង បានបញ្ជាក់ផងដែរថា ការបាញ់ថ្នាំសម្លាប់មេរោគការពារផ្តាសាយបក្សី និងប៉េសអាហ្វ្រិក ធ្វើឡើងនៅទីសត្តឃាតដ្ឋាន និងទីផ្សារទាំង៩ក្រុងស្រុកក្នុងខេត្តកំពង់ធំ រៀងរាល់មួយសប្តាហ៍ម្តងៗ ព្រមទាំងបានបាញ់ទៅលើរថយ្តន រឺម៉កដែលបានដឹកសត្វចូលមកទីសត្តឃាត ហើយនេះគឺជាវិធានការមួយ ក្នុងការការពារការឆ្លងរីករាលដាលទៅដល់សត្វ ដែលបានដឹកជញ្ជូនពីប្រភពខាងក្រៅ។
លោកបានបន្តទៀតថា សត្វដែលបានដឹកជញ្ជូនពីក្រៅខេត្តផ្សេងៗមកចូលក្នុងខេត្តកំពង់ធំមុ ននឹងកាប់សម្លាប់ត្រូវបានពិនិត្យសុខភាព និងត្រួតពិនិត្យទៅលើអាជ្ញាប័ណ្ណនាំចូលបានត្រឹមត្រូវ ដើម្បីគិតគូរពីសុខមាលភាពរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះដែរ តាងនាមឲ្យមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទលោក តាន់ ម៉េងឆាង សូមសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការជាមួយជំនាញ និងចាត់វិធានការការពារក្នុងការការពារជំងឺឆ្លង ក៏ដូចជាមុននឹងទិញសាច់ត្រូវពិនិត្យមើលថា តើសាច់ណាមានការបោះត្រាខាងពេទ្យសត្វ ឬទេ៕